ជំងឺកូវីដ-១៩ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ​ជួបការលំបាក ក្នុងអំឡុងវិបត្តិនេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រមុខរាជរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានប្រកាសដូច្នេះថា៖ «ចំនួនប៉ុន្មានគ្រួសារ បានប៉ុន្មាន កូនបានប៉ុន្មាន យើងមានក្នុងកម្មវិធីហើយ សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ប្រកាសចេញ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង អំពីកិច្ច​អន្តរាគមន៍របស់យើង ទៅលើបញ្ហាជីវភាពរបស់ប្រជាជន សម្រាប់អ្នកដែលក្រីក្រ»។
លោក តូច ចាន់នី អ្នកនាំពាក្យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ថា កិច្ចការនេះ ក៏ពាក់ព័ន្ធនឹងក្រសួងរបស់លោកដែរ។ លោកបន្តថាប្រជាពលរដ្ឋក្រីក្រ អាច​យកបណ្ណក្រីក្រ ទៅចុះឈ្មោះនៅថ្នាក់ឃុំ-សង្កាត់ ហើយបន្ទាប់មកពួកគាត់ អាចបើក​ប្រាក់ឧបត្ថម្ភតាមសេវាកម្មវីង។
បើតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសង្គមកិច្ចដដែលបានបន្តថា ចំពោះអ្នកមិន​ទាន់​មានបណ្ណក្រីក្រ គឺអាស្រ័យលើការវាយតម្លៃរបស់មន្រ្តីថ្នាក់ឃុំ-សង្កាត់ ហើយសម្រេចថា ក្រីក្រមែនឬយ៉ាងណា ហើយគួរផ្តល់ប្រាក់ឧបត្ថម្ភដែរ ឬមិនគួរ។
លោកអះអាងបន្ថែមថា បច្ចុប្បន្នអត្រាអ្នកក្រីក្រនៅកម្ពុជា នៅសល់ប្រមាណ១០ភាគរយ ដែលស្មើនឹងប្រមាណកន្លះលាននាក់ប៉ុណ្ណោះ តែលោកក៏សន្និដ្ឋានថា ចំនួនអ្នកក្រីក្រ​ជាក់​ស្តែង អាចមានច្រើនជាងនេះ ព្រោះអ្នកក្រីក្រខ្លះ មិនមានបណ្ណក្រីក្រឡើយ។
សម្រាប់គ្រួសារមួយ ឬសមាជិកម្នាក់ក្នុងគ្រួសារនីមួយៗ អាចទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន ហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងចាប់ផ្តើមអនុវត្តមនៅពេលណា គឺលោក មិនទាន់អាច​បញ្ជាក់បាននោះទេ ព្រោះមកដល់ពេលនេះ រដ្ឋាភិបាល មិនទាន់ចេញអនុក្រឹត្យជាផ្លូវការ​ដែរ​លោកនិយាយថា៖«ខាងខ្ញុំ ក្រសួងសង្គមកិច្ច រង់ចាំអនុវត្តអនុក្រឹត្យរបស់រដ្ឋាភិបាល និងការសម្រេចរបស់ក្រសួងសេដ្ឋកិច្ច»។
សូមរម្លឹកថា កន្លងមកប្រមុខរដ្ឋាភិបាល បានបង្គាប់ឲ្យមន្រ្តី ដែលចែកស្បៀង ដូចជាអង្ករ និងត្រីខជាដើម ដល់ប្រជាពលរដ្ឋក្រីក្រ ឬខ្វះខាត ក្នុងអំឡុងជំងឺកូវីដ-១៩នេះ។ យ៉ាងណាក៏ដោយកម្ពុជា ហាក់មានសភាពធូរស្បើយមែនទែនហើយ ចំពោះជំងឺកូវីដ-១៩ ក្រោយអ្នកជាសះស្បើយ មានដល់១២១នាក់ ក្នុងចំណោមអ្នកឆ្លង១២២នាក់។
ទោះមានស្ថានភាពធូរស្បើយក្តី ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាល នៅតែទទូចឲ្យ​ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ម្យ៉ាងវិញទៀត រយៈពេលជាង ១ខែមក​នេះកម្ពុជា មិនមានករណីឆ្លងថ្មីឡើយ៕ by thmeythmeymedia

អត្ថបទដែលជាប់ទាក់ទង