អ្នកនាំពាក្យ៖ វៀតណាមអនុវត្តន៍តួនាទីជាប្រធានអាស៊ានបានយ៉ាងល្អ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang មាននិយាយថា ប្រទេសវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០។
លោកស្រី Hang បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅឯសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងនៅទីក្រុងហាណូយ កាលពីថ្ងៃទី១៤ ខែឧសភា ខណៈដែលឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងព័ត៌មានដែលថា ប្រទេសវៀតណាមត្រូវការរយៈពេលមួយឆ្នាំបន្ថែមទៀត ក្នុងនាមជាប្រធានអាស៊ាន ដើម្បីជម្នះនឹងការរំខានរបស់ជំងឺកូវីដ-១៩ ។
លោកស្រីបាននិយាយថា ក្នុងរយៈពេលកន្លងមក បើទោះបីមានការលំបាកដែលបង្កឡើងដោយការវិវដ្តដ៏ស្មុគស្មាញនៃការរាលដាលនៃជំងឺរាតត្បាតក៏ដោយ ក៏ប្រទេសវៀតណាមបានដើរតួនាទីជាប្រធាន អាស៊ាន ក្នុងការលើកកម្ពស់ការរួបរួមគ្នាជាក្រុម និងការឆ្លើយតបយ៉ាងសកម្មចំពោះការរាតត្បាតនេះ រក្សាកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍សកម្មភាពអាទិភាពប្រកបដោយប្រសិទ្ធភាពនៅក្នុងឆ្នាំនេះ។ លោកស្រី Hang បានបញ្ជាក់ថា មិនទាន់មានអនុសាសន៍ណាមួយដើម្បីបន្តធ្វើជាប្រធានអាស៊ានរបស់វៀតណាមនោះទេ៕ by AKP
(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)