ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី សិក្សាស្វែងយល់ពីការវិយោគ ដាំចេកអំបូងលឿងរបស់ក្រុមហ៊ុនហ័ងអាញ់ស្រុកកូនមុំ

ខេត្តរតនគិរី៖ ឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី អមដំណើរដោយប្រតិភូក្រុមការងារ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្តនិង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញសិក្សាស្វែងយល់ពីការវិនិយោគ ដាំចេកអំបូងលឿងរបស់ក្រុមហ៊ុនហ័ងអាញ់នៅស្រុកកូនមុំខេត្តរតនគិរី។​

តំណាងក្រុមហ៊ុនហ័ងអាញ់ បានជម្រាបជូនគណៈប្រតិភូថា ក្រុមហ៊ុនបានទទួលសិទ្ធិនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន ហើយក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំ ចំការចេកអំបូង លឿងលើផ្ទៃដីជាង ៧ពាន់ហិកតា ក្នុងនោះជាង៣ពាន់ហិកតា កំពុងប្រមូលផល ដែលបាន ប្រើប្រាស់ទុនវិនិយោគជាង ៤០០លានដុល្លារ។

តំណាងក្រុមហ៊ុនខាងលើ បានបន្ថែមទៀតថា សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំការប្រើ ប្រាស់ដី ប្រព័ន្ធទឹក ការរៀបចំពូជ ការរៀបចំ រចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ ឃ្លាំងស្តុកចំនួន២ និងរចនាសម្ព័ន្ធវេចខ្ចប់ចំនួន៨ ដែលត្រូវបានចែកចេញជា២ស្តង់ដា គឺចិន និងជប៉ុន។ ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប២០០នាក់នៅក្នុងខេត្តរតនគិរី និងខេត្តនានាដែលជាប់តំបន់នេះ។

បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រវេចខ្ចប់ចំនួន១០ ដែលមាន សមត្ថភាពផលិតបាន ២៥ម៉ឺនតោន/ឆ្នាំ។

តំណាងក្រុមហ៊ុនរូបនេះបញ្ជាក់ថានៅឆ្នាំ២០២០នេះក្រុមហ៊ុនបានបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យដល់ ៥០០ពាន់តោនក្នុងឆ្នាំ។​ ក្រៅពីនេះក៏នៅមានផលដំណាំស្វាយ,ក្រូច
ថ្លុង, ស្រកានាគ និងខ្នុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកជាង១៥ពាន់នាក់។ ហើយក្រៅ ពីការងារអាជីវកម្មក្រុមហ៊ុនក៏បានគិតគូរយកចិត្តទុកដាក់ផងដែរ លើការងារសង្គមសុខភាពការ អប់រំ លំនៅដ្ឋានជូនបុគ្គលិក កម្មករផងដែរ។

ឯកឧត្តម ជៀង អំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខ្សែសង្វាក់ផលិតកម្មក្រុមហ៊ុនហ័ងអាញ់ និងបានណែនាំដល់ក្រុម ហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ច សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅ ប្រទេស ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ។

ឯកឧត្តម ក៏បានអំពាវនាវឲ្យវិស័យឯកជនដែល មានលទ្ធភាពពិនិត្យ និងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការ នាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏ សំខាន់ក្នុងការបង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ នៅក្នុងឱកាសនេះឯកឧត្តមក៏បានឧបត្ថម្ភសាប៊ូដុំចំនួន២០កេសជូនក្រុមហ៊ុន យកទៅចែកជូនបន្តដល់បងប្អូនកម្មកម្មការនី បានប្រើប្រាស់ក្នុងការលាងសម្អាតដៃក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះផងដែរ៕ by AKP(មន្ទីរព័ត៌មានខេត្តរតនគិរី)

អត្ថបទដែលជាប់ទាក់ទង