ឯកឧត្ដម អ៊ុំ រាត្រី ជម្រុញឲ្យអង្គភាពទាំង៣ និងមន្ទីរពាក់ព័ន្ធ ទទួលខុសត្រូវចំពោះពលករឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតាមច្រករបៀងនានា
ខេត្តបន្ទាយមានជ័យ ៖ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានជម្រុញអង្គភាពទាំង៣ និងមន្ទីរពាក់ព័ន្ធទទួលខុសត្រូវស្រាវជ្រាវតាមចាប់ខ្លួនមេខ្យល់ ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា និងទប់ស្កាត់ពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាង នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា៖ ថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ពេលដែលប្រទេសថៃកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចំពោះករណីនេះ ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសថៃការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំអភិបាលខេត្តត្រូវអនុវត្ត នូវវិធានការមួយចំនួនរួមមានមានដូចជា ត្រូវកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋ រដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៅតាមព្រំដែនឲ្យចូលរួមសហការគ្នាដាក់ចេញនូវវិធានការទប់ស្កាត់ការចេញចូលឆ្លងដែនខុសច្បាប់តាមច្រករបៀងតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង។
ត្រូវស្រាវជ្រាវស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា។ក្នុងករណីដែលសមត្ថកិច្ច នៃប្រទេសជិតខាងបានចាប់ឃាត់ខ្លួនបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានឆ្លងដែនខុសច្បាប់ចូលទៅជិតចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា រដ្ឋបាលខេត្ត ត្រូវទំនាក់ទំនង និងសម្របសម្រួលជាមួយសមត្ថកិច្ច នៃប្រទេសជិតខាង ដែលមានព្រំប្រទល់ជាប់គ្នាឲ្យបានឆាប់ ដើម្បីស្នើឲ្យសមត្ថកិច្ចនៃប្រទេសថៃចាប់បញ្ជូនពួកគាត់វិលត្រឡប់មកកម្ពុជាវិញ និងយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព ការអនុវត្តវិធានការចត្តាឡីស័ក និងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងខ្លួនឲ្យបានសមស្រប។សព្វថ្ងៃប្រទេសជិតខាង នៅបន្តដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ហេតុនេះរដ្ឋបាលខេត្ត ត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងរយៈពេលនេះជាដាច់ខាត។ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។សូមជម្រាបថា វិធានការនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលករខ្មែរមួយចំនួន ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ ត្រូវពួកមេខ្យល់បោកប្រាស់យកលុយ ហើយឆ្លងកាត់ច្រករបៀងតាមព្រំដែនដោយខុសច្បាប់ ដែលនាំឲ្យមានបញ្ហាផ្សេងៗជាដើម៕