មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា ក្រសួងមិនបានអនុញ្ញាតឱ្យមានការនាំចូលជង្គង់មាន់ និងគ្រឿងក្នុងពីប្រទេសជិតខាងនោះទេ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ក្រសួងមិនបានអនុញ្ញាតឱ្យមានការនាំចូលជង្គង់មាន់ និងគ្រឿងក្នុងមាន់ពីប្រទេសជិតខាងនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងថា កន្លងមកចំនួនមាន់មានការចុះថោកដោយសារចំនួនមាន់ចិញ្ចឹមមានការកើនឡើងច្រើននៅពេលទទួលបានផល។
ឯកឧត្ដមបានបន្តថា តាមគោលការណ៍អាស៊ានប្រទេសមួយមិនអាចមានសិទ្ធិបិទការនាំចូលនោះទេ ប៉ុន្តែនៅពេលប្រទេសណាមួយមានការផ្គត់ផ្គង់គ្រប់គ្រាន់ហើយយើងអាចកាត់បន្ថយ និងឈានដល់ការនាំចូលបាន ជាពិសេសនោះការផ្ដល់នូវអនុសាសន៍របស់សម្តេចតេជោ គឺមិនចង់ឱ្យមានការនាំចូលពីប្រទេសជិតខាងទេ។
ឯកឧត្ដមបានបញ្ជាក់ថា “យើងមិនអនុញ្ញាតឱ្យនាំចូលជង្គង់មាន់ ឬគ្រឿងក្នុងមាន់នោះទេ ករណីនេះ មាន ដោយសារខាងមន្ត្រីខាងអគ្គនាយកដ្ឋាន និងពេទ្យសត្វចាប់បាន គេដុតចោលតែម្តង ការធ្វើបែបនេះគឺការពារសុខភាពនិងហានិភ័យដល់សារធារណៈជន”។
ឯកឧត្ដមបានបន្ដថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគោរពតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ដោយបានធ្វើការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង កាលពីខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ក្រសួងមិនបានបិទក្រុមហ៊ុនណាមួយទេ ប៉ុន្តែអ្វីដែលក្រសួងធ្វើការគឺក្រសួងបានកាត់បន្ថយចំនួនជ្រូក នាំចូលពីប្រទេសជិតខាងប្រមាណ៧០ភាគរយ ហើយចំនួនក្រុមហ៊ុននៅដដែល ។
ឯកឧត្ដមបានបន្ថែមថា “យើងមិនបានកាត់បន្ថយចំនួនក្រុមហ៊ុននោះទេ ប៉ុន្តែយើងកាត់បន្ថយចំនួននាំចូលជ្រូក ហើយមូលហេតុដែលយើងបិទក្រុមហ៊ុននៅពេលបច្ចុប្បន្នគឺ យើងមានឯកសារ ដោយសារគាត់បានសន្យាថានៅពេលគាត់ធ្វើ ខុសគាត់នឹងឈប់ធ្វើការរកស៊ីនឹងសត្វហើយ គាត់ធ្វើខុសដោយដឹកជញ្ជូនខុសច្បាប់ដែលក្រសួងហាមឃាត់”៕ by AKP( ប៊ុនរិទ្ធ)