ក្រសួងសង្គមកិច្ចណែនាំឲ្យអាណាព្យាបាលបង្ហាញការស្រលាញ់និងពន្យល់ពីសិទ្ធិរបស់កុមារដល់កូនៗរបស់ខ្លួន ដើម្បីឲ្យពួកគេយល់អំពីសិទ្ធិនិងការចូលរួមរបស់កុមារ
អគ្គលេខាធិការក្រុមប្រឹក្សាជាតិដើម្បីកុមារ អះអាងថា ទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលមិនបានរៀបចំមេទ្ទិញសិទ្ធិកុមារក៏ដោយ ក៏ក្រសួងនៅតែណែនាំឲ្យអាណាព្យាបាល បង្ហាញការស្រលាញ់និងពន្យល់ពីសិទ្ធិរបស់កុមារ ដល់កុមារនៅតាមគេហដ្ឋាន ដើម្បីឲ្យកុមារចងចាំពីថ្ងៃទិវាកុមារអន្តរជាតិ ដែលប្រារព្ធធ្វើទូទាំងពិភពលោក ។
ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាជាតិដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាបានមានប្រសាសន៍ថា អាណាព្យាបាលត្រូវតែពន្យល់កូនអំពីសិទ្ធិកុមារដែលបានបែងចែកជា៤ប្រភេទ គឺសិទ្ធិរស់រៀនមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិការពារ និងសិទ្ធិចូលរួមអភិវឌ្ឍន៍ ។
ឯកឧត្តមបញ្ជាក់ថា កុមារជាទំពាំងស្នងឬស្សី ជាធនធានមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ការមានធនធានមនុស្សប្រកបដោយសក្តានុពល ផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារៈកិច្ចយ៉ាងសំខាន់ ដែលតម្រូវឲ្យមានការអនុវត្តតាមបែបពហុវិស័យរួមបញ្ចូលគ្នា ពិសេសដើម្បីលើកកម្ពស់និងការពារសិទ្ធិកុមារ ។
ឯកឧត្តមបានបន្តថា ដោយមើលឃើញពីសារៈសំខាន់នេះហើយអាណាព្យាបាលគ្រប់រូប ត្រូវខិតខំចិញ្ចឹមបីបាច់ ថែរក្សា អប់រំ ណែនាំ និងធ្វើពលកម្មគ្រប់បែបយ៉ាងឲ្យប្រកបដោយព្រហ្មវិហារធម៌ ដើម្បីជាគោលដៅបង្កើនការយកចិត្តទុកដាក់ចំពោះអនាគតដ៏រុងរឿងរបស់កុមារ ។
សំឡេង៖ មាតាបិតាគួរតែព្យាយាមយកចិត្តទុកដាក់មើលថែទាំកូន បង្ហាញនូវក្តីស្រឡាញ់នៅក្នុងទិវាអន្តរជាតិ ១មិថុនានេះ ទោះយើងមិនបានរៀបចំទិវាអ្វីធំដុំ ឬក៏អត់បាន ធ្វើមេទ្ទិញ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់មែន ក៏ប៉ុន្តែសុំឱ្យគ្រួសារ ឪពុកម្ដាយ អ្នកថែទាំកុមារទាំងអស់នោះ គឺប្រារព្ធទិវាកុមារអន្តរជាតិឡើង តាមរយៈតាមបង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់ចំពោះក្មេងៗ ជាកូន ជាចៅ ជាកុមារ ដែលស្ថិតការមើលខុសត្រូវរបស់យើងនោះធ្វើយ៉ាងណាបង្ហាញឲ្យឃើញពីក្តីស្រឡាញ់នោះ ហើយប្រាប់ពួកគាត់អោយបានដឹងថាថ្ងៃ ១មិថុនានេះ គឺជាថ្ងៃប្រារព្ធនូវសិទ្ធិកុមារទូទាំងពិភពលោក មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ អញ្ចឹងគាត់មានសិទ្ធិរួចហើយ ប៉ុន្តែថ្ងៃនេះ គឺជាថ្ងៃពិសេសដែលពិភពលោកទាំងមូល យកចិត្តទុកដាក់បង្ហាញការគោរពសិទ្ធិកុមារនៅទូទាំងពិភពលោក ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែ ប្រារព្វទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីក្រើនរំលឹកនិងបង្កើនការយកចិត្តទុកដាក់ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅនិងផ្នែកច្បាប់ ។ ប៉ុន្តែឆ្នាំនេះ មានការអាកខានពុំបានរៀបចំមីទ្ទេញសិទ្ធិកុមារ ដោយសារការកាត់បន្ថយការប្រមូលផ្តុំកុមារ ដើម្បីបញ្ជៀសផលប៉ៈពាល់ដោយជម្ងឺកូវីដ១៩ ៕