ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញស្ត្រីខ្មែរម្នាក់ព្រឹកនេះ ត្រឡប់មកពីសហរដ្ឋអាមេរិក មានផ្ទុកវីរុស COVID-19
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត ដែលជាស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក។
ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩ មានអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់មកវិញមិនបាន។ ពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាននៅ ពេលនោះ។ គ្រូពេទ្យបានណែនាំឱ្យគាត់បន្តធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគសាជាថ្មីម្ដងទៀត ដែលទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។