អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនិងឯកឧត្ដម លោកជំទាវប្រធាន អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង បានអញ្ជើញចូលរួមជាមួយលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានពាំនាំនូវកាផ្តាំផ្ញើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានូវការសួរសុខទុក្ខដោយក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ របស់គ្រួសាររងគ្រោះ នាពេលនេះ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភព នៃគ្រោះថ្នាក់ចៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។
អំណោយដែលបានផ្តល់ជូននាឱកាសនោះ រួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់១ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប មុង១ ភួយ១ ក្រម៉ា១ សារុង១ និងថវិកា ២០០០០០០ រៀល ក្នុងនោះថវិកាលោកជំទាវកិត្តិសង្គហបណ្ឌិត១០០០០០០រៀល៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង