Detail Top Banner

មុខសញ្ញាដាក់ថ្នាំសណ្ដំអ្នករត់ម៉ូតូកង់បីយកទ្រព្យ រកឃើញហើយ

ភ្នំពេញ៖ ស្ត្រីម្នាក់ ជំនាញដាក់ថ្នាំសណ្តំអ្នករត់ម៉ូតូកង់បីយកទ្រព្យសម្បត្តិជាច្រើនករណីនោះ ត្រូវអស់លក្ខណ៍ ដោយសមត្ថកិច្ចចាប់បានកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៤៣៦ ក្រុមទី២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ស្ត្រីសង្ស័យរូបនោះជាមុខសញ្ញាដាក់ថ្នាំអ្នករត់ម៉ូតូកង់ មានឈ្មោះ អ៊ុច ចាន់ថា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។លោក ផន អូន អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា មុនពេលចាប់ខ្លួន ស្ត្រីសង្ស័យបានហៅម៉ូតូកង់បីឥណ្ឌាជិះពីផ្សារបឹងកេងកងមកផ្សារបឹងត្របែក ខណៈមកដល់ផ្សារបឹងត្របែក ក៏បានឲ្យឈប់រួចក៏ចុះពីលើម៉ូតូកង់បីរួចក៏ហៅម៉ូតូកងបីមួយទៀតជិះទៅម្ដុំមជ្ឈមណ្ឌលរ៉ុក ដោយប្រាប់ថា ទៅទិញទឹកក្រូចផឹក។ លុះពេលបុរសរត់ម៉ូតូកង់បីបើកជូនមកផ្សារបឹងត្របែកវិញ ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែស្ត្រីដែលជាជនសង្ស័យឲ្យទឹកក្រូចទៅអ្នករត់ម៉ូតូឌុបផឹក ដោយបានដាក់ថ្នាំងងុយដេក មួយសន្ទុះក្រោយមក ស្រាប់តែបុរសរត់ម៉ូតូកង់បីបានងងុយគេង ក៏បានឈប់ម៉ូតូនៅម្ដុំផ្សារបឹងត្របែកតែម្ដង។

ប្រភពបន្តថា ពេលនោះស្ត្រីជនសង្ស័យបានលូកយកកាបូបលុយ និងកាបូបស្ពាយរបស់បុរសរងគ្រោះ បម្រុងរត់គេចខ្លួន តែត្រូវអ្នករត់កង់បីឥណ្ឌាដូចគ្នា ប្រទះឃើញ ក៏ឃាត់ខ្លួនស្រ្តីសង្ស័យនោះឲ្យឈប់ និងប្ដឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនយកមកសាកសួរ។

ក្រោយកើតហេតុ ស្ត្រីជាជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕​ by KBN

អត្ថបទដែលជាប់ទាក់ទង