Detail Top Banner

ការចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋកំពុងមានទីផ្សារល្អនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្នប្រជាកសិករ បានខិតខំធ្វើការចិញ្ចឹមមាន់បន្ថែមទៀត បន្ទាប់ពីការដាំដំណាំផ្សេងៗ ដើម្បីរកចំណូលបន្ថែម សំរាប់ផ្គត់ផ្គង់ជំវភាពគ្រួសារ ខណៈដែលកំពុងមានតំរូវការទីផ្សារខ្ពស់ ។ លោក បន្តថា បច្ចុប្បន្ន មាន់រស់ មានតម្លៃ១៨០០០រៀលក្នុង១គីឡូក្រាម។ 

លោកបានបន្ថែមថា ក្នុងនោះដែរមន្ទីរក៍បានផ្តល់បច្ចេកទេសថ្មីៗបន្ថែម ក្នុងការចិញ្ចឹមមាន់ឲ្យទទួលបានលទ្ធផលល្អប្រសើរជាងមុន ព្រមទាំងបានជំរុញដល់ សមាជិកសហគមន៍កសិកម្មនិងគ្រួសារកសិករផ្សេងៗទៀត ឲ្យងាកមកធ្វើការភ្ញាស់កូនមាន់លក់ ដែលតម្រូវឲ្យពួកគាត់មានទូភ្ញាស់កូនមាន់នៅតាមគ្រួសារនីមួយៗ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ស្របពេលដែលការរីករាលដាលនៃវីរុសកូវីដ១៩នៅតែបន្តកើតមាន នៅទូទាំងពិភពលោក ហើយការនាំចូលក៏ត្រូវបានកាត់បន្ថយ។

ការចិញ្ចឹមមាន់ក៏មានលក្ខណៈមួយល្អប្រសើរដែរ ហើយកម្រៃតម្លៃលើទីផ្សារក៏មានការកើនឡើង ក៏ជាការលើកទឹកចិត្តមួយដល់កសិករគាត់ខំប្រឹងចិញ្ចឹម ឥឡូវខាងយើងក៏បានផ្សព្វផ្សាយ បើយើងនិយាយពីការចិញ្ចឹមមាន់ ជាចំនុចស្នូលមួយចាំបាច់បន្ទាន់ដែលត្រូវតែដោះស្រាយ ជួយពួកគាត់ឲ្យគាត់ចេះបច្ចេកទេសចិញ្ចឹមមាន់ តាមបែបជីវៈសមត្ថភាព ហើយក្នុងនោះដែរ យើងជំរុញការភ្ញាស់កូនមាន់លក់ ដល់សមាជិកសហគមន៍កសិកម្ម និងគ្រួសារផ្សេងៗទៀត ព្រោះ កាលណាយាយរឿងចិញ្ចឹមមាន់ គឺយើងផ្ដោតលើការចិញ្ចឹមមាន់ស្រែ ហើយយើងត្រូវគិតថាពូជមាន់នៅឯណា អញ្ចឹងហើយបានយើងកំពុងតែយកចិត្តទុកដាក់ថា ជួយធ្វើម៉េចឱ្យក្រុមគាត់នីមួយៗ មានទូភ្ញាស់កូនមាន់ ឲ្យគាត់មានមុខរបរភ្ញាស់កូនមាន់ សម្រាប់លក់ចែកចាយសមាជិកគាត់ នឹងនៅក្រៅសមាជិកចិញ្ចឹម។

លោកប្រធានក៍បានអំពាវនាវ ឲ្យប្រជាកសិករទាំងអស់ យកចិត្តទុកដាក់ប្រមូលផ្តុំរាល់មធ្យោបាយផ្សេងៗឲ្យអស់ពីលទ្ធភាព ដើម្បីជំរុញដល់ការងារចិញ្ចឹមមាន់ ទទួលបានលទ្ធផលល្អ ស្របពេលដែលទីផ្សារកំពុងតែមានតំរូវការច្រើន ហើយករណីមានបញ្ហាអ្វីមួយ ត្រូវរាយការណ៍ឲ្យបានឆាប់រហ័ស ដើម្បីឲ្យខាងមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរពាក់ព័ន្ធ អាចចុះជួយបានទាន់ពេលវេលា៕ by AKP

អត្ថបទដែលជាប់ទាក់ទង