ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារប្តេជ្ញា ថែទាំផ្លូវចំនួន៨០០គីឡូម៉ែត្រទូទាំងខេត្ត ឲ្យបានល្អពិសេសមិនឲ្យមានជង្ហុក
ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ អះអាងថា ផ្លូវចំនួន៨០០គីឡូម៉ែត្រនៅក្នុងខេត្ត មន្ទីរ បានធ្វើការថែទាំជាប្រចាំ ដើម្បីធានាថាផ្លូវនៅទូទាំងខេត្តមានសភាពល្អងាយស្រួលក្នុងការធ្វើដំណើរនិងគ្មានជង្ហុក ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានអះអាងថា ជាការប្តេជ្ញារបស់មន្ទីរក៏ដូចអាជ្ញាធរខេត្ត តែងបានយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវគ្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ថ្លែងក្នុងសារសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដព្រះវិហារ កាលពីព្រឹកថ្ងៃទី ២៦ ខែ ឧសភា នាទីស្តីការគណៈរដ្ឋមន្រ្តី លោកបានឲ្យដឹងថា ផ្លូវទាំងអស់នៅក្នុងខេត្តមាន ចំនួន៨០០គីឡូម៉ែត្រ ក្នុងនោះផ្លូវកៅស៊ូប្រវែង៥០០គីឡូម៉ែត្រ និងផ្លូវគ្រួសក្រហម ប្រវែង៣០០ គីឡូម៉ែត្រ ។ លោកបានបន្តថា ចំពោះ ផ្លូវគ្រួសក្រហម នៅក្នុងរដូវវស្សាតែងតែមានបញ្ហាខ្លះ ដោយសារតែជំនន់ទឹកភ្លៀង ប៉ុន្តែក្រោយពេលមេឃភ្ញៀងរួចមន្ទីរក៏បានចុះត្រួតពិនិត្យ និងធ្វើការជួសជុលឡើងវិញផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
«អញ្ចឹងខ្ញុំសូមបញ្ជាក់ថា ផ្លូវចំនួន៨០០គីឡូម៉ែត្រនេះ គឺមាន៥០០គីឡូម៉ែត្រជាផ្លូវកៅស៊ូហើយសល់ពីនោះជាផ្លូវក្រាលគ្រួសក្រហមហើយផ្លូវទាំងនេះបន្ទាប់ពីយើងប្រើប្រាស់ថវិកាជាតិនិងថវិកាខេត្ត នេះ បន្ទាប់ពីយើងសាងសង់រួច ទិសដៅរបស់ក្រសួងសារធារណការក៏ដូចជាអាជ្ញាធរខេត្តគឺយើងដាក់ឲ្យស្ថិតក្នុងការថែទាំ ។ ហើយផ្លូវចំនួន៨០០គីឡូម៉ែត្រ គឺយើងដាក់ស្ថិតក្នុងការថែទាំជាប្រចាំខ្ញុំសូមបញ្ជាក់ថា ការងារថែទាំជាប្រចាំនេះគឺចង់ជម្រាបថា ដូចខោអាវយើងអញ្ចឹងគឺយើងថែទាំផ្លូវណាដែលល្អ ដូចខោអាវយើងកាលណាដែលប្រឡាក់យើងបោកនេះហើយគឺជាការថែទាំមិនមែនថែទាំផ្លូវដែលខូចទេ ។ ផ្លូវខូចក្រឡុកដំរីនោះគេលែងហៅថាការងារថែទាំហើយ គឺគេថែទាំផ្លូវដែលល្អធ្វើយ៉ាងណាឲ្យស្ថានភាពផ្លូវល្អ ដូចដើម្បីធានាថាយើងធ្វើដំណើរទៅមានជង្ហុកអីៗជាដើមនេះគេហៅថាការងារថែទាំជាប្រចាំ »។
លោក សំ លាងទ្រី អំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ចូន និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែគោរពច្បាប់ចរាចរណ៍ និងជួយថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីអាចឲ្យផ្លូវប្រើប្រាស់បានយូរអង្វែង ៕ by AKP