ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិភាក្សាអំពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា
ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ទៅកាន់ធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។
ការសម្រេចនេះ ដោយឆ្លងកិច្ចប្រជុំពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអំពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅ កម្ពុជា ក្រោមការដឹកនាំដោយលោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពីសិក្សាឃើញថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចនិងចាស់ ទក់ រហែក ធនាគារជាតិនៃកម្ពុជា មានការលំបាកក្នុងការគ្រប់គ្រងគុណភាព ដោយ ហេតុថាការដឹកចេញក្រដាសប្រាក់ ទាំងនេះ ត្រូវចំណាយពលកម្មនិងថវិកាខ្ពស់ ដែលខុសពីក្រដាសប្រាក់រៀលដែលធនាគារជាតិនៃកម្ពុជាអាចកាត់និងកម្ទេចចោល ហើយជំនួសដោយក្រដាសប្រាក់បោះពុម្ពថ្មី។
សេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្នុងឃ្លាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការ នៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ។
ធនាគារជាតិនៃកម្ពុជា បន្តថា បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយ ដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវានោះទេ។ ធនាគារជាតិនៃ កម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បី ឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិដឹកជញ្ជូនរូបិយប័ណ្ណ ចេញ-ចូលកម្ពុជា។ ទោះបីជាមិនមែនជាតួនាទីរបស់ខ្លួនក៏ដោយ ក៏កន្លងមកធនាគារជាតិ នៃកម្ពុជា បានសម្រួលការដឹកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលអាមេរិក មកប្រើប្រាស់ នៅកម្ពុជា៕ by AKP