ពិតជារីករាយព្រឹកនេះ! កម្ពុជាមានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយហើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្ដីជូនព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និង មិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ។
អ្នកជំងឺដែលជាសះស្បើយ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ ចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្យាបាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។
ដូច្នេះចំនួនសរុបកូវីដ-១៩ មានចំនួន១២៦នាក់ដដែល ចំនួនសំរាកនៅពេទ្យសល់២នាក់ ចំនួនជាសះស្បើយសរុបចំនួន ១២៤នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន ២៤៣២៩ ស្មើនឹង ១៤៦៥ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕