អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ស្ដារប្រឡាយទឹកដែលត្រូវគេលុបយកធ្វើកម្មសិទ្ធិដើម្បីរំដោះទឹកលិចផ្ទះប្រជាជន
ភ្នំពេញ៖ ស្របពេលដែលរដូវវស្សាបានមកដល់ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏ផ្ដើមសង្គ្រោះប្រឡាយមេជាច្រើនខ្សែនៅក្នុងទឹកដីរបស់ខ្លួន ដើម្បីរំដោះទឹកដែលលិចផ្ទះប្រជាជន។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ កំពុងដឹកនាំមន្ត្រីមូលដ្ឋានក្នុងសង្កាត់កាកាបទី២ និងមន្ត្រីជំនាញសុរិយោដីខណ្ឌ ចុះកំណត់ព្រំ និងកាយស្តារប្រឡាយទឹកមេដើម្បីរំដោះទឹក កុំឲ្យលិចផ្ទះពលរដ្ឋ។
ប្រឡាយមេដែលមានប្រវែង ១៦៨០ម៉ែត្រទំហំ ៨ម៉ែត្រ ឆ្លងកាត់ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ជ័យ ត្រូវបានក្រុមឈ្មួញ និងថៅកែរោងចក្រមួយចំនួន ធ្វើសកម្មភាពចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិអស់ជាច្រើនរយម៉ែត្រ នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការលុបប្រឡាយមេ រំដោះទឹកក្នុងភូមិសាស្ត្រខាងលើនេះ បានបង្កឲ្យមានការលិចលង់ផ្ទះប្រជាពលរដ្ឋជាច្រើនភូមិក្នុងសង្កាត់កាកាបទី២ នៅពេលមានភ្លៀងធ្លាក់ ដូច្នេះហើយទើប អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ផ្ដើមសង្គ្រោះប្រឡាយទឹកមេ នេះដើម្បីរំដោះទឹកកុំឲ្យលិចផ្ទះពលរដ្ឋតទៅទៀត។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែន បានអំពាវនាវឲ្យបងប្អូនទាំងអស់មេត្តាជួយថែរក្សាប្រឡាយទឹកចាស់នេះទាំងអស់គ្នា កុំនាំគ្នាលុបប្រឡាយតទៅទៀត ព្រោះវានាំឲ្យលិចទាំងអស់គ្នា។
លោកអភិបាលរង បញ្ជាក់ថា អាជ្ញាធរ នឹងកាយប្រឡាយមេនេះ តាមការកំណត់ព្រំ និងទីតាំងប្រឡាយរបស់ មន្ត្រីសុរិយោដី ចំពោះរបង ឬសំណង់ដែលសង់រំលោភយកប្រឡាយសូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងយុទ្ធនាការសង្គ្រោះប្រឡាយទឹកនេះ៕