Detail Top Banner

ក្រសួងអប់រំតាមរយៈក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ បានហៅអ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» មកអប់រំណែនាំ

ភ្នំពេញ៖ មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួងអប់រំតាមរយៈក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ បានហៅអ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» មកអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម។ អ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា បានទទួលការណែនាំពីមន្រ្តីក្រសួងវប្បធម៌ ធ្វើឡើងនៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ នៅក្រសួងវប្បធម៌។
ឯកឧត្តម ចំរើន វណ្ណថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរក្រសួងវប្បធម៌ បានប្រាប់ថា ក្រោយជួបអ្នកនិពន្ធ ខាងផ្នែកអ្នកនិពន្ធបានទទួលស្គាល់កំហុស និងយល់ព្រមកែប្រែ ការតែងនិពន្ធបែបអវិជ្ជមាន ទៅជាវិជ្ជមាន នាពេលខាងមុខ។
ឯកឧត្តមបានលើកឡើងថា អ្នកនិពន្ធបាននិពន្ធបទនេះ មិនបានគិតស៊ីជម្រៅអំពីផលប៉ះពាល់នោះទេ ដោយគ្រាន់តែចង់ផលិតបទចម្រៀងទាញប្រយោជន៍ពី YouTube នៅអំឡុងសម័យកាលកូវីដ១៩។ ប៉ុន្ដែក្រោយពីទទួលបានការណែនាំ ខាងអ្នកនិពន្ធបានទទួលស្គាល់អំពីផលប៉ះពាល់ដល់សង្គម និងសីលធម៌ នៅពេលខាងមុខ ហើយអ្នកនិពន្ធក៏បានលប់វីដេអូនោះតាំងពីម្សិលមិញ នៅលើ YouTube រួចហើយដែរ។
ឯកឧត្តម បានអំពាវនាវឲ្យអ្នកនិពន្ធដទៃទៀត នៅពេលនិពន្ធអ្វីមួយសូមគិតអំពីសីលញាណ សីលធម៌ ដែលផលិតឡើងជាប្រយោជន៍សាធារណៈជន នៅពេលយូរអង្វែង៕
អត្ថបទដែលជាប់ទាក់ទង