ការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជា ធ្វើឡើងនៅលើទីតាំង ៤កន្លែងផ្សេងៗគ្នា

យោងតាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេស សត្វត្មាតទាំងបីប្រភេទដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជាមានចំនួន ១១៩ ក្បាលក្នុងនោះត្មាតភ្លើងចំនួន ១១ក្បាល ត្មោតផេះចំនួន ៧១ក្បាល និងត្មោតត្នោតចំនួន ៣៧ ក្បាល។
នេះជាការជូនដំណឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០នេះ ក្រោយការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាបានធ្វើឡើងនៅលើទីតាំង ៤ កន្លែងផ្សេងៗគ្នាកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០ សហការរៀបចំដោយក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី នងខេត្តក្រចេះ ដោយឡែក សម្រាប់ទីតាំងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី មិនត្រូវបានធ្វើឡើយ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានចូលរួមបើកដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជានៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួង បរិស្ថាបានបង្ហាញរបាយការណ៍នៃលទ្ធផលជំរឿនដោយបញ្ជាក់ថាសត្វត្មាតទាំង ១១៩ក្បាលនោះមាននៅ ទី១) ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ មានសត្វត្មាតសរុបចំនួន ៣៤ក្បាល គឺត្មាតភ្លើង ៣ក្បាល ត្មាតផេះ ២២ក្បាល និងត្មាតត្នោត ៩ក្បាល។ ទី២) ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង មានសត្វត្មាតសរុបចំនួន ៨១ក្បាល គឺត្មាតភ្លើង ៤ក្បាល ត្មាតផេះ ៤៩ក្បាល និងត្មាតត្នោត ២៨ ក្បាល។ ទី៣) ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វត្មាតភ្លើងចំនួន ៤ក្បាល ហើយនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តក្រចេះមិនមានវត្តមានសត្វត្មាតទេ។
បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំនួនស្វត្មាតនៅឆ្នាំ ២០២០ នេះមានចំនួន ១១៩ ក្បាល មានការថយចុះចំនួន ១៨ ក្បាលបើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ ២០១៩។ បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា លទ្ធផលជម្រឿនសត្វត្មាតនៅឆ្នាំ ២០១៩ កន្លងទៅបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទ មានចំនួន ១៣៧ ក្បាលហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការធ្វើជម្រឿនរាប់ចំនួនសត្វត្មាតពេលនេះគឺមានសារៈសំខាន់ណាស់ដើម្បីឱ្យបានដឹងចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាតនៅកម្ពុជា។
សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។
ដោយសារតែសត្វត្មាតជាសត្វកម្រជិតផុតពូជអស់ពីលើពិភពលោក ហើយកម្ពុជាមានត្រូវបានគេដឹងថានៅមានសល់សត្វត្មាតច្រើនជាងគេនោះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថានបានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិនានាតាមរយៈការផ្តល់ចំណីបន្ថែម និងការពារសំបុកពងកូន បង្កើនការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត។ ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម អភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារនិងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជានិងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕
អត្ថបទដែលជាប់ទាក់ទង