ឯកឧត្តម ឃួង ស្រេង កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្នុងការថែរក្សាការពារសុខុមាភាពប្រជាជនប្រកបដោយគុណភាព សមធម៌ និងវិជ្ជាជីវៈ
ពិធីផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក-លោកស្រី វេជ្ជបណ្ឌិតសាស្ត្រាចារ្យ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ អនុវត្តការងារនាពេលកន្លងមក ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដើម្បីបុព្វហេតុនៃការធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជន។
ឯកឧត្តមអភិបាលបានបញ្ជាក់ថាតាមរយៈការផ្តល់សេវាសុខាភិបាល ដែលមានគុណភាព សមធម៌ និងការប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈ ជាពិសេសការលះបង់ខ្ពស់បំផុតរបស់មន្ត្រីសុខាភិបាល ក្នុងដំណាក់កាលប្រឈមជាសកល នៃការរីករាលដាលវីរុសកូវីដ-១៩ ដែលយើងបានរួមគ្នាបង្ការ ទប់ស្កាត់ និងគ្រប់គ្រងលើស្ថានភាពដ៏លំបាកនេះ នៅរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបន្ថែមថាស្នាដៃ និងសមិទ្ធផលទាំងនេះ បានកើតឡើងពីការយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ហើយក៏មិនអាចកាត់ផ្តាច់ចេញពីការចូលរួមសហការគាំទ្រ ពីសំណាក់ក្រសួង-ស្ថាប័នថ្នាក់ជាតិមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ សំដៅរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអោយថែរក្សាសុខភាព និងការធ្វើអនាម័យអោយបានជាប់ជាប្រចាំ តាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីការពារកុំអោយឆ្លងរលកទី២នៃជម្ងឺកូវីដ-១៩។