យុទ្ធនាការសៀមរាបផ្ទះខ្ញុំ ឯកឧត្តម អភិបាលខេត្តប្រគល់រថយន្តបោសសំរាមនិងបូមធូលីមួយគ្រឿងដល់រដ្ឋបាលក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅរដ្ឋបាលក្រុងសៀមរាបបានរៀបចំពិធីសំណេះ​សំណាលនិងប្រគល់-ទទួលរថយន្តបោសសំរាមនិងបូបធូលីមួយគ្រឿងជូនដល់រដ្ឋបាលក្រុងសៀមរាបក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។
ក្នុងពិធីសំណេះសំណាលនិងប្រគល់រថយន្តនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តបានណែនាំដល់មន្ត្រីសាលាក្រុងទាំងអស់ថាយើងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងជំរុញល្បឿនការងារកុំឱ្យមានការរាំងស្ទះ។ ឯកឧត្តម ក៏បានបញ្ជាក់ថាការផ្តល់សេវាសាធារណៈឱ្យមានភាពល្អប្រសើរនេះ គឺកុំឱ្យមានការថ្នាំងថ្នាក់ ឬមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាឱ្យរលូន និងមានការសរសើរពីបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំឲ្យគណៈបញ្ជាការឯកភាពក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសល្បែងស៉ីសង លួច ឆក់ ប្លន់ ចំពោះការងារសន្តិសុខនេះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយក្នុងនោះ ការបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវចាត់ជាការងារអាទិភាពខ្ពស់។
ឯកឧត្តម​ ក៏បានបន្ថែមថាការប្រគល់រថយន្តបោសសំអាតនេះ យើងនឹងធ្វើឱ្យក្រុងសៀមរាបរបស់យើងមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកំរិតទៀត ម្យ៉ាងទៀត ទីក្រុងយើងស្អាត យើងក៏ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាបានផងដែរ៕
អត្ថបទដែលជាប់ទាក់ទង