ឆេះតូបលក់ឥវ៉ាន់របស់ពលរដ្ឋខ្មែរក្នុងផ្សាររុងក្លឿហៅផ្សារថៃ តែសង្គ្រោះបានវិញ
ខេត្តបន្ទាយមានជ័យ៖ ព័ត៌មានបឋមឲ្យដឹងថា តូបទំនិញ២របស់ពលរដ្ឋខ្មែរនៅផ្សារចាស់នៃក្រុមផ្សាររោងកឿហៅផ្សារថៃនៅឃុំខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ របស់ថៃ ត្រូវបានឆេះ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។
លោក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតស្រង់ប្រភពពីសមត្ថកិច្ចថៃ មកប្រាប់ថ្ងៃទី១៣ ខែមិថុនាថា៖ ការឆេះនោះ ត្រូវរថយន្តពន្លត់អគ្គីភ័យបានជួយសង្គ្រោះទាន់ពេលវេលា ហើយពុំបង្កឲ្យឆេះខូចខាតធ្ងន់ធ្ងរឡើយ ។
មូលហេតុនៃការឆេះ សមត្ថកិច្ចនៅមិនទាន់ទទួលស្គាល់ថា មកពីទុស្សេខ្សែភ្លើងឡើយ ព្រោះក្នុងអំឡុងការរីករាលដាលនៃជម្ងឺកូវីត១៩នេះ ផ្សារបានបិទដោយផ្នែក ហើយចរន្តអគ្គីសនីក៏បានបិទដែរ ។
សូម្បីអាជីវករខ្មែរម្ចាស់ទំនិញចង់ទៅមើលទំនិញ ក៏សមត្ថកិច្ចថៃមិនអនុញ្ញាតិដែរ ។
យោងសមត្ថកិច្ចថៃ ឲ្យដឹងថា ៖ តូប ស្តង់លក់ដូរទំនិញនៅក្នុងផ្សារទាំង៤ នៃក្រុមផ្សាររ៉ុងក្លឿរបស់ថៃ ទើបតែត្រូវបានលាងសម្អាត ធ្វើអនាម័យនិងរៀបចំសណ្តាប់ធ្នាប់ដើម្បីបង្ការហានីភ័យនានា ។