ពលរដ្ឋខ្មែរ១៤៣នាក់ ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី ដោយសារកូវីដ១៩ តាំងពីខែមេសា នឹងមកដល់កម្ពុជានៅថ្ងៃស្អែក
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរចំនួន១៤៣នាក់ ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី រយៈពេលជាង១ខែ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នឹងមកដល់កម្ពុជាវិញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះហើយ។
នេះបើតាមសេចក្តីថ្លែងរបស់ក្រសួងការបរទេស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។
សេចក្តីថ្លែងរបស់ក្រសួងការបរទេស បានបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាជាបន្តបន្ទាប់ និងសម្របសម្រួលអស់រយៈពេល១ខែកន្លះ រវាងស្ថានទូត និងក្រុមហ៊ុមអាកាសចរណ៍ម៉ាឡេស៊ី ពាក់ព័ន្ធនឹងករជាពលរដ្ឋខ្មែរចំនួន១៤៣នាក់ ដែលខកដំណើរកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានរៀបចំរួចរាល់នូវជើងហោះហើរពាណិជ្ជកម្មមួយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមជើងយន្តហោះ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង ១៦:៣០នាទី ហើយនឹងទៅដល់រាជធានី ភ្នំពេញនៅវេលាម៉ោង ១៧:២៥នាទី ថ្ងៃដដែល។
សូមបញ្ជាក់ថា អ្នកដំណើរជាពលរដ្ឋខ្មែរសម្រាប់ជើងហោះហើរ MH762 នេះ មានចំនួនសរុប ២០៤នាក់ ក្នុងនោះអ្នកជាប់គាំងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែមេសា កន្លងទៅ មានចំនួន១១៥នាក់ តែប៉ុណ្ណោះ។ រីឯអ្នកដំណើរចំនួន៨៩នាក់ផ្សេងទៀត គឺក្រុមហ៊ុនលក់សំបុត្របន្ថែម៕ by KBN