មុខរបរចិញ្ចឹមចង្រិតជួយឲ្យកសិករក្នុងខេត្តតាកែវរកប្រាក់ចំណូលបានខ្ពស់
ខេត្តតាកែវ៖ កសិករក្នុងខេត្តតាកែវ អាចរកប្រាក់ចំណូលបានច្រើន ពីការចិញ្ចឹមចង្រិត ដោយសារមានតម្រូវការទីផ្សារខ្លាំង ទំាងប្រជាជនក្នុងខេត្ត និងនាំចេញមករាជធានីភ្នំពេញ ។
លោក ញឿក ភារម្យ កសិករចិញ្ចឹមចង្រិតក្នុងខេត្តតាកែវ បានឲ្យដឹងថា មុខរបរចិញ្ចឹមចង្រិតរបស់កសិករ ក្នុងភូមិទំពាំងឬស្សី ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ អាចផ្គត់ផ្គង់ទីផ្សារបានចំនួនជាង១៥តោនក្នុង១ខែ គិតជាទឹកប្រាក់សរុបជាង២០០លានរៀលក្នុង១ខែ ។
លោកបញ្ជាក់ថា គ្រួសាររបស់លោក និងអ្នកភូមិផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន អាចរកប្រាក់ចំណូលបានច្រើនពីមុខរបរមួយនេះ។ លោកថា ចង្រិតក្នុង១គីឡូក្រាម មានតំលៃចាប់ពី១ម៉ឺន៥ពាន់រៀលឡើងទៅ។ លោកបន្តថា ការចិញ្ចឹមសត្វចង្រិតចំណាយដើមទុនតិច និងងាយស្រួលថែទាំ ព្រមទាំងងាយស្រួលរកទីផ្សារផងដែរ ។ សំឡេង៖ «ត្រូវឆ្លងកាត់បទពិសោធន៍ដោយខ្លួនឯង ដោយសារកាលនោះ ការចិញ្ចឹមវាមិនសូវមានច្រើនប៉ុន្មានទេ សូម្បីតែអ្នកញ៉ាំក៏មិនសូវមានជំនាញក៏មិនមានច្រើនដែរ ហើយទីផ្សារក៏រកមិនបានច្រើនដែរ ។ ក្រោយមកយើងចេះតែដកស្រង់បទពិសោធន៍ដោយខ្លួនឯង រៀនតាមយូធូបខ្លះ និងចេញទៅដកស្រង់បទពិសោធន៍ពីប្រទេសថៃខ្លះ យើងបានបទពិសោធន៍ច្រើនហើយ យើងក៏អាចពង្រីកទីផ្សារ គឺសំខាន់ទៅលើទីផ្សាររបស់យើង សព្វថ្ងៃនេះខ្ញុំពង្រីកទៅតាមទំហំនៃទីផ្សាររបស់យើង បើមានតម្រូវការច្រើនខ្ញុំនឹងពង្រីកបន្ថែម ហើយវាបានជួយជីវភាពយើងច្រើនណាស់ ព្រោះចង្រិតគឺចំណេញជាងសត្វដទៃ ដោយវាមិនមានការប្រើថ្នាំ មិនមានការប្រើវ៉ាក់សាំង ហើយយើងមានតែបន្លែធម្មជាតិដើម្បីអោយវាស៊ី ដូច្នេះគឺយើងចំណេញច្រើនត្រង់ចំនុចនេះ»។
លោកបានអំពាវនាវដល់កសិករដទៃទៀត ងាកមកចាប់យកមុខរបរមួយនេះបន្ថែម ព្រោះជាមុខរបរដែលងាយស្រួលធ្វើ និងរកប្រាក់ចំណូលបានជាប់ជាប្រចាំ ខណៈការចាប់យកមុខរបរនេះតាំងឆ្នាំ២០១១ ដល់បច្ចុប្បន្ន កសិករចិញ្ចឹមចង្រិតនេះដែល ទើបតែចងក្រងជាសមាគមទើបតែបានចំនួនជាង១០០គ្រួសារ ។
សូមបញ្ជាក់ថា ចង្រិតជាប្រភេទសត្វល្អិតម្យ៉ាង ដែលមានគុណប្រយោជន៍យ៉ាងច្រើនដល់សុខភាព ដោយសារវាសំបូរទៅដោយប្រូតេអ៊ីន ហ្វាយប៊ឺ ដែលអាចសម្រកទម្ងន់បានទៀតផង។
បច្ចុប្បន្ន កសិករនៅក្នុងតំបន់នេះ មានបច្ចេកទេសចិញ្ចឹមចង្រិតចំនួន២ប្រភេទ គឺចង្រិតខ្មៅ និងក្រហម ដែលនាំចូលពូជមកពីប្រទេសថៃ ៕ by AKP