ឆ្នាំមុនលក់បានជាង ៣០លានរៀលក្នុង១ហិកតា ឆ្នាំនេះកសិករនៅឃុំជាខ្លាង ដាំដុះអំពៅកើនឡើងជិតទ្វេដង
ខេត្តព្រៃវែង៖ ដោយសារតែកត្តាទីផ្សារល្អពីរបីឆ្នាំជាប់គ្នា និងបានធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់ប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំនោះ ប្រជាកសិករជាច្រើនភូមិនៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានជ្រើសរើសការដាំដុះដំណាំអំពៅ ជាដំណាំយុទ្ធសាស្ត្រា និងបានបង្កើនការដាំដុះជាប្រចាំ ហើយនៅឃុំនេះ ស្ទើរតែគ្មានអ្នកចំណាកស្រុកទេ។
លោក អុប ស៊ាត មេឃុំជាខ្លាង បានប្រាប់ឲ្យដឹងកាលពីថ្ងៃ១៣ ខែមិថុនាថា នៅឆ្នាំ២០២០នេះ ដោយសារទីផ្សារអំពៅប៉ុន្មានឆ្នាំមកនេះមានទីផ្សារខ្ពស់ ប្រជាកសិករនៅឃុំជាខ្លាងរបស់លោក បានបង្កើនការដាំដុះកើនឡើងជាងមុនជិតទេ្វដង ដែលកាលពីឆ្នាំមុន ពួកគាត់ដាំដុះបានត្រឹមតែជាង៣០០ហិកតាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ពួកគាត់បានបង្កើនរហូតដល់ជាង ៥០០ហិកតា។ លោកបន្តថា សម្រាប់ឆ្នាំនេះ នឹងអាចមានបញ្ហាប្រឈមទីផ្សារបន្តិចបន្តួចដែរ ដោយសារតែបញ្ហាកូវីដបានកើតឡើង ធ្វើឲ្យស្ងាត់ឈ្មួញ តែទោះជាយ៉ាងណាលោក មិនជាបញ្ហាចោទទេ ។
ចំណែកប្រជាកសិកអ្នកដាំអំពៅ បានលើកឡើងដែរថា នៅឆ្នាំនេះប្រជាកសិករបានពង្រីកការដាំដុះអំពៅយ៉ាងច្រើន ស្ទើរតែគ្មានស្រែទំនេរទេ ព្រោះការពីឆ្នាំមុនៗ ពួកគាត់អាចលក់បានប្រមាណពី ៣០ ទៅជាង ៣០លានរៀលក្នុង១ហិកតា ប៉ុន្តែសម្រាប់ឆ្នាំនេះកសិករថា ប្រហែលជាចុះបន្តិចបន្តួច ប៉ុន្តែយ៉ាងហោចណាស់ក៍បានពី២៥លាន ទៅ៣០លានរៀលដែរ។
ដោយឡែក លោក បូយ ឡូត ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរកសិកម្មខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ទាក់ទងនឹងដំណាំអំពៅនៅទីនេះ ក៍ដូចជាដំណាំផ្សេងៗទៀតដែរ មន្ទីរកសិកម្មខេត្តតែងតែចុះមកណែនាំបច្ចេកទេស ដល់កសិករជារៀងរាល់ឆ្នាំ ទាំងរបៀបដាំដុះ ការប្រើប្រាស់ពូជ និងការប្រើប្រាស់ជី ដើម្បីការពារជំងឺដំណាំ និងទទួលទន្នផលខ្ពស់។ ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ អំពៅនៅក្នុងឃនេះ ក៍ធ្លាប់ជួមប្រទះបញ្ហាជំងឺ និងសត្វល្អិតដែរ ប៉ុន្តែយើងអាចទប់ស្កាត់បាន និងទទួលបានផលបានច្រើនដូចសព្វថ្ងៃនេះ។
បន្ថែមពីលើនេះ លោកក៍សូមអំពាវដល់កសិករដែរថា ដើម្បីដាំដំណាំមានគុណភាពល្អ និងទទួលទិន្នផលខ្ពស់ សូមបងប្អូនដាំដុះអនុវត្តតាមបច្ចេកទេស ដូចដែលមន្ត្រីជំនាញបានណែនាំ៕ មន្ទីរព័ត៌មានខេត្តព្រៃវែង