ការចិញ្ចឹមទារបស់កសិករកាន់តែកើនឡើង តម្លៃលក់ចេញសមរម្យ ដែលអាចឲ្យកសិករទទួលបានផលចំណេញនិងមានជីវភាពធូរធារ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ៖ យោងតាម របាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ការចិញ្ចឹមទារបស់កសិករនៅឃុំសំរុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារកំណើនតម្រូវការពងទាក្នុងខេត្ត តម្លៃលក់ចេញសមរម្យដែលអាចឲ្យកសិករទទួលបានផលចំណេញ និងទទួលបានជំនួយបច្ចេកទេសពីសំណាក់មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។
ជាលទ្ធផល នៅក្នុងឃុំសំរុង ស្រុកព្រៃនប់ កសិដ្ឋានចិញ្ចឹមទាយកពងបានកើនឡើងពី ៧ដល់ ១១កសិដ្ឋាន ដែលមានទាសរុប ១២ ០០០ក្បាល ទទួលបានពងទាប្រមាណ ៧ ០០០ ពងក្នុងមួយថ្ងៃ ហើយពងទា ១គ្រាប់ ថ្លៃលក់ចេញ ៤៥០-៥០០រៀល។
កសិករ ប្រាក់ ជឿន ដែលចិញ្ចឹមទាច្រើនជាងគេ ៣ ៥០០ក្បាល នឹងបង្កើនដល់ ១០ ០០០ ក្បាលក្នុងពេលខាងមុខ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង