បុរសវ័យចំណាស់ម្នាក់បានជាន់មីនដាច់ជើងទាំង២ នៅភូមិទំនប់ដាច់
ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា វេលាម៉ោងជាង៣រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានបុរសម្នាក់ឈ្មោះ ញ៉ែម ឆឹម ភេទប្រុស អាយុ៦៤ឆ្នាំ បានលួចចូលទៅដាក់អន្ទាក់សត្វក្នុងតំបន់ ស រវាងប្រទេសកម្ពុជា-ថៃ ហើយបានជាន់មីន បណ្តាលឲ្យដាច់ជេីងទាំង២ និងមានសភាពធ្ងន់ធ្ងរផងដែរ។
នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក អនុសេនីយ៍ឯក ប៉ាក់ សារ៉ាត់ មេប៉ូស្តិ៍សិលាខ្មែរនៃវរសេនាតូចការពារព្រំដែនគោក៩១១ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ មានទីលំនៅក្នុងភូមិជោគជ័យ ហៅ (ភូមិណងចាន់) ឋិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកមេប៉ុស្តីបន្តថា ជនរងគ្រោះបានលួចចូលទៅតំបន់ ស ដែលជាតំបន់ដែលសំបូរទៅដោយមីន ដើម្បីលួចដាក់អន្ទាក់សត្វព្រៃ ហើយបានជាន់មីនបណ្តាលឲ្យដាច់ជើងទាំងសងខាង ព្រមទាំងមានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានសហការគ្នាជាមួយយោធាលេខ៥០៣ ក្នុងភូមិទំនប់ដាប់ ព្រមទាំងប្រជាពលរដ្ឋ បានចូលទៅក្នុងតំបន់កើតហេតុហើយបញ្ជួនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត តែដោយសារសភាពនៃការរងរបួសធ្ងន់ធ្ងរពេក លោកនៅមិនទាន់ដឹងនៅឡើយនោះតែថា ជនរងគ្រោះបានរួចផុតគ្រោះថ្នាក់ រឺ ក៏ស្លាប់៕