ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណងរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញចូលក្រាបថ្វាយបង្គំគាល់
ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណងរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលនូវព្រះរាជទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម នៃព្រះអង្គទាំងទ្វេចំនួន ២ លានដុល្លារ ២,០០០,០០០USD (ពីរលានដុល្លារសហរដ្ឋអាមេរិក) ក្នុងនោះព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ចំនួន ១លានដុល្លារ និងព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។