ឯកឧត្តម ថង សាវុន បានបន្តនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០គ្រួសារនៅស្រុកតាវែង

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រួមនិងឯកឧត្តម លោកជំទាវជាអនុប្រធានគណៈកម្មាធិការសាខា និងសហការី នៅព្រឹកថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២០នេះ បានអញ្ជើញបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចាស់ជរាគ្មានទីពឹងចំនួន ៤០គ្រួសារនៅស្រុកតាវែង។
មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនដែលមកទទួលអំណោយមនុស្សធម៌នាពេលនេះ ឯកឧត្តម ថង សាវុន បានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ចចំពោះប្រជាពលរដ្ឋជាជនងាយរងគ្រោះដោយមិនបណ្តែតបណ្តោយអោយជនងាយរងគ្រោះខ្វះភាពកក់ក្តៅ​ ខ្វះអាហារបរិភោគ ដោយមិនមានការគិតគូរចំពោះពួកគាត់ឡើយ។​
ឯកឧត្តម ថង សាវុន ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែល ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ពោលគឺ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ជ ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ ។
ឯកឧត្តមកោតសសើរដល់អាជ្ញាធរស្រុកតាវែងក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាល​ដាលនៃជម្ងឺកូវីដ-១៩ ជាពិសេស ការធ្វើចត្តឡីស័កឲ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេស កម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហេតុនេះ យើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការ ការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវីដ-១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្ស បាត់បង់ ជីវិត ភ្លាមៗផងដែរ (យើងភ្លេចកូវីដ-១៩ ប៉ុន្តែ កូវីដ-១៩ មិនភ្លេចយើងនោះទេ) ។
ឯកឧត្តមបានអំពាវ នាវឲ្យ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែក ឯអជ្ញាធរមូលដ្ឋានត្រូវពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់ គ្នាផងដែរ ។
អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋទាំង៤០គ្រួសារនាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ១កេសតូច ត្រីខ ១យួរ ទឹកស៊ីអុីវ ១យួរ ឃីត១កញ្ចប់(មុង ភួយ សារុង ក្រមា) និងថវិកាមួយចំនួនទៀតផងដែរ៕
អត្ថបទដែលជាប់ទាក់ទង