ស្ថានទូតជប៉ុន នឹងរៀបចំនូវព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ អនឡាញ២០២០ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខ
ភ្នំពេញ៖ ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និង មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន(JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ “ពិធីបុណ្យផ្កាយអន ឡាញ២០២០” ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២០ ជំនួសឱ្យព្រឹត្តិការណ៍ដែល ធ្វើជារៀងរាល់ឆ្នាំគឺ “ពិធីបុណ្យផ្កាយ” ដែលរៀបចំឡើងតាំងពីឆ្នាំ២០០៤ ក្នុងគោលបំណង បន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា តាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការណ៍ប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី០៧ ខែកក្កដា នៅប្រទេសជប៉ុនដែលរម្លឹកដល់រឿងរបស់គូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណូហ្គាវ៉ា ហើយត្រូវបាន អនុញ្ញាតឱ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី០៧ ខែកក្កដា។ សម្រាប់ពិធីបុណ្យ នៅថ្ងៃនោះប្រជាជនជប៉ុនសរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឱ្យទទួលបានដូចបំណង។
សេចក្ដីប្រកាសបានបន្ដថា ក្នុងអំឡុងពេលនៃពិធីបុណ្យផ្កាយអនឡាញ២០២០ ចាប់ពីថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២០ នឹងមានកម្មវិធីវប្បធម៌ជប៉ុនតាមអនឡាញជាច្រើននៅលើទំព័រហ្វេសប៊ុក ព្រឹត្តិការណ៍ពិធីបុណ្យផ្កាយអនឡាញ២០២០ ដូចជារបៀបតុបតែងដើមឫស្សីតាណាបាតា សិក្ខាសាលាអនឡាញស្តីពីការបង្កើតគំនូរជីវចល ការបញ្ចាំងគំនូរជីវចល ដែលបានទទួលពាន់រង្វាន់ Digicon6 របៀបស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងកម្ពុជា “យូកាតា” និង“ក្បិន”របៀបបត់ក្រដាស “អូរីហ្កាមិ” និងធ្វើគ្រឿងអលង្ការ របៀបធ្វើបង្អែមជប៉ុន និងកម្ម វិធីជាច្រើនទៀត៕ by AKP(ដោយ៖រិទ្ធី)