មន្ត្រីជាន់ខ្ពស់ខេត្តស្វាយរៀង៖ វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង
ភ្នំពេញ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានបង្ហាញអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ខ្លួនតាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង» នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
លោក រស់ ផារិទ្ធ បានលើកឡើងអំពីវិស័យមួយចំនួនដែលខេត្តបានសម្រេចបាន និងកំពុងធ្វើបន្តទៀតដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់ខេត្ត ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងទាំងមូល។ ជាក់ស្តែងគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានអគារសិក្សា៩៦៣ខ្នង ស្មើនឹង៤១២៤បន្ទប់ មានសាលារៀនគ្រប់កម្រិតសិក្សា រួមមាន សាលាមតេ្តយ្យរដ្ឋ ៣៤២សាលា ក្នុងនោះសាលាមតេ្តយ្យ ដាច់ដោយឡែកមានចំនួន ៦សាលា មតេ្តយ្យសហគមន៍ ១៧២កន្លែង សាលាបឋមសិក្សា ២៦២សាលា អនុវិទ្យាល័យ ៥៤សាលា វិទ្យាល័យ ២០សាលា សាលាគរុកោសល្យនិងវិក្រឹតការ ១កន្លែង និងមានសាកលវិទ្យាល័យ ១កន្លែង។ ដោយឡែកវិស័យកសិកម្មវិញ លោកអភិបាលរងខេត្ដបានបញ្ជាក់ដែរថា នៅទូទាំងខេត្ត មានផ្ទៃដីផលិតកម្មកសិកម្ម សរុប ២១៣៤០០ហិកតា ក្នុងនោះផ្ទៃដីផលិតកម្មដំណាំស្រូវ១៨៨០០០ហិកតា (ស្រូវវស្សា ១៦៧៥០០ហិកតា និងស្រូវប្រាំង ២០៥០០ហិកតា) ដំណាំគ្រប់ប្រភេទ ២៣១០០ហិកតា និងផ្ទៃដីដំណាំកៅស៊ូជាលក្ខណៈគ្រួសារមានចំនួន ២៣០០ហិកតា ផ្ទៃដីដំណាំអំពៅស្ករ ៦៤០០ហិកតា ដំឡូងមី ៤៩០០ហិកតា។
ចំពោះការងារធនធានទឹក និងប្រព័ន្ធធារាសាស្ត្រខេត្តស្វាយរៀង មានប្រភពទឹកសំខាន់ៗ ដែលជាសក្តានុពលបម្រើឱ្យការប្រើប្រាស់ និងស្រោចស្រព មានចំនួន៣កន្លែង គឺ ទន្លេកំពង់ត្រាច ស្ថិតនៅស្រុករមាសហែក ទន្លេវ៉ៃគោ ស្ថិតនៅក្រុងស្វាយរៀង និងព្រែកកម្ពុជា-វៀតណាម ក្រៅពីនេះក៏នៅមានព្រែក អូរ មួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់លោក រស់ ផារិទ្ធ។ លោកអភិបាលរងខេត្ដបានបន្ដទៀតថា នៅទូទាំងខេត្តមានមន្ទីរពេទ្យបង្អែកខេត្ត ១កន្លែង មន្ទីរពេទ្យបង្អែកក្រុង ស្រុកចំនួន ៥កន្លែង រួមមាន មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយជ្រំ មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ៤កន្លែង មានមណ្ឌលសុខភាព ៤៤កន្លែង និងប៉ុស្ដិ៍សុខភាព២កន្លែង។
លោកបានបន្ថែមថា នៅទូទាំងខេត្តស្វាយរៀង មានផ្លូវថ្នល់សរុបចំនួន ៥០ខ្សែ ប្រវែងសរុប ៧៧១គីឡូម៉ែត្រ ក្នុងនោះផ្លូវអ៊ុតកៅស៊ូ AC ឬDBST ប្រវែង៣០៣ គីឡូម៉ែត្រ ផ្លូវម៉ាកាដាមប្រវែង ៣៥០០ម៉ែត្រ ផ្លូវបេតុងប្រវែង ៥១៥០ម៉ែត្រ និងផ្លូវក្រួសក្រហមប្រវែង ៤៦០គីឡូម៉ែត្រ។ ផ្លូវជាតិ មានចំនួន ៣ខ្សែ គឺផ្លូវជាតិលេខ១ ក្រាលកៅស៊ូប្រភេទ DBST និងAC ប្រវែង ៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ១៣ និងលេខ១៨ ក្រាលកៅស៊ូប្រភេទ DBST មានប្រវែង៨៤គីឡូម៉ែត្រ។ ផ្លូវខេត្ត មានចំនួន៤៧ខ្សែ ប្រវែងសរុប៦២២ គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង១៥៤គីឡូម៉ែត្រ ផ្លូវម៉ាកាដាមប្រវែង ៣៥០០ម៉ែត្រ ផ្លូវបេតុងមានប្រវែង ៥១៥០ម៉ែត្រ និងផ្លូវក្រួសក្រហមប្រវែង ៤៦០គីឡូម៉ែត្រ ស្ពានមានចំនួន ៤១កន្លែង មានប្រវែងសរុប១,៣០៨ម៉ែត្រ៕ by AKP(ដោយ ចាន់ សុធីវង្ស)