ដើម្បីបង្ការកុំឲ្យមានសង្គ្រាមដីធ្លី សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលខេត្តទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជម្រុញការទប់ស្កាត់ ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៅតាមខេត្តនានា និងទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់បន្តទៀត ដើម្បីបង្ការកុំឲ្យមានសង្គ្រាមដីធ្លី។
យោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានជម្រាបជូនទៅលោកអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋខេត្តទាំងអស់ថា ផ្អែកតាមលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិតនៅក្នុងដែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី ១០ភាគរយ សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
សម្តេចក្រឡាហោមក៏បានបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់បន្តទៀត ដើម្បីបង្ការកុំឲ្យមានសង្គ្រាមដីធ្លី អនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីជម្រុញការកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលចាក់ស្តែងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលបានល្អប្រសើរ៕
អត្ថបទដែលជាប់ទាក់ទង