Detail Top Banner

គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយការបើកបរបំពានផ្លូវអទិភាព បណ្តាលឲ្យមានមនុស្សបាក់ភ្លៅ២នាក់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីប្រុសចំនួន ២នាក់ បានរងរបួសបាក់ភ្លៅស្ដាំធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលអ្នកបើកបរម៉ូតូបុកជាមួយរថយន្ត នៅគ្រាកំពុងធ្វើដំណើរច្រាសទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួឲ្យរន្ធត់នេះ បណ្ដាលឲ្យមនុស្សបាក់ភ្លៅដល់ទៅចំនួន ២នាក់ ដែលបានកើតឡើងនៅវេលាម៉ោង១២.២០នាទីថ្ងៃត្រង់ នាថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣និង១៤៤ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា មុនកើតហេតុម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AZ-2119 បើកបរដោយឈ្មោះ ភុំ ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ អ៊ុំ ស្រីដា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិបឹងរំលិច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ(ធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តបណ្ដាលឲ្យរងរបួសបាក់ភ្លៅដេករដូករណែលបែបនេះ ។

 លោកអធិការនគរបាលបន្តថា រថយន្តម៉ាក TOYOTA HILUX វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A -2365 បើកបរដោយឈ្មោះ សោម សុផា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា បច្ចុប្បន្នរស់នៅឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពុំរងរបួសនោះទេ មូលហេតុ អ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ បំពានទៅលើផ្លូវអទិភាពខាងស្តាំដៃ នៃផ្លូវកំណោងតាមជើងភ្នំ ទើបបណ្តាលឲ្យមើលគ្នាមិនឃើញ បានបង្កឲ្យមានករណីគ្រោះថ្នាក់កើតឡើង។

 លោកបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យខូចខាតម៉ូតូ និងរថយន្តនិង រងរបួសបាក់ភ្លៅស្ដាំ(ធ្ងន់)២នាក់(ស្រីម្នាក់និងប្រុសម្នាក់ )។

បច្ចុប្បន្ន ជនរងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រីឯវត្ថុតាងម៉ូតូ និងរថយន្តយកទៅ រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕ ដោយ៖ បុឹម ពិន

អត្ថបទដែលជាប់ទាក់ទង