ឯកឧត្តម ជា ចន្ទបរិបូណ៌ ៖ វៀតណាមអ្នកកើតជំងឺកូវីដ១៩តិច ព្រោះចំណាត់ការល្អ កម្ពុជាឆ្លងតិច ព្រោះសំណាង
កម្ពុជាឆ្លងជំងឺកូវីដ១៩តិចព្រោះតែសំណាង ព្រោះតែពលរដ្ឋភ័យខ្លាចចេះការពារ និងអំណោយផលពីការជួយទប់ស្កាត់របស់ប្រទេសជិតខាង។
វិទ្យុនេះបានផ្សាយថា ការដែលវៀតណាមដាក់ចេញវិធានការបិទប្រទេស បិទសាលារៀន បិទអាហារដ្ឋាន កន្លែងកម្សាន្ត និងការឆ្លើយតបផ្សេងៗទៀតរបស់រដ្ឋាភិបាល របស់អាជ្ញាធរវៀតណាម ទើបធ្វើឱ្យវៀតណាមទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងតិចតួច។
-នៅយប់ថ្ងៃទី០៧ ខែកក្កដា វិទ្យុនេះ ក៏បានផ្សាយផងដែរ ពីការឆ្លងតិចតួចនៃជំងឺកូវីដ១៩ នៅកម្ពុជា។
តែក្នុងការផ្សាយនោះ គេបានចាត់ទុកការឆ្លងតិចតួចនេះ មកសំណាង មកពីប្រជាពលរដ្ឋចេះភ័យខ្លាច និងមួយវិញទៀតមកពីប្រទេសជិតខាងកម្ពុជា គេមានចំណាត់ការល្អទើបកម្ពុជាទទួលចំហាយឥទ្ធិពលពីចំណាត់ការទាំងនោះ។
ក្នុងការផ្សាយនោះ អ្នកសរសេរព័ត៌មានបានដកស្រង់សម្តីរបស់អ្នកជំនាញ របស់អ្នកវិភាគបញ្ហាសង្គមដែលជាអ្នកជំនាញអាមេរិក និងអ្នកមាននិន្នាការមិនគាំទ្ររាជរដ្ឋាភិបាលឱ្យបង្ហាញពីទស្សនៈរបស់ពួកគេ។
**** គេមិនបានលើកសូម្បីតែបន្តិចអំពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមឆ្នាំ រហូតដល់ពេលបច្ចុប្បន្ន។ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ តាំងពីរកឃើញមួយករណីនៅខេត្តព្រះសីហនុក្នុងខែមករា ប្រមុខរាជរដ្ឋាភិបាលបានចេញមុខធ្វើសន្និសីទព័ត៌មាននិយាយពីបញ្ហាជំងឺនេះ បន្ទាប់មកនៅតាមសាលារៀនត្រូវបានដាក់វិធានការការពារជំងឺកូវីដ១៩ ដោយតម្រូវធ្វើអនាម័យលាងសំអាតដៃ។
ជាបន្តបន្ទាប់មកទៀតនៅពេលរកឃើញអ្នកជំងឺកើតបន្តបន្ទាប់ជាករណីឆ្លងពីក្រៅប្រទេសរាជរដ្ឋាភិបាលបានដាក់ចេញនូវចំណាត់ការជាច្រើនទៀត ដូចជាការបិទប្រទេស បិទពិធីបុណ្យចូលឆ្នាំ បិទសាលារៀន បិទខារ៉ាអូខេ ក្លឹបកម្សាន្ត រោងភាពយន្ត ហាមប្រមូលផ្តុំ បិទជើងហោះហើរពីប្រទេសមានអ្នកឆ្លងច្រើននៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់ផងដែរ វិធានការដាក់ម៉ាស៊ីនចាប់កំដៅ និងវិធានការអនាម័យនៅតាមច្រកចេញចូលប្រទេសត្រូវបានធ្វើបន្តបន្ទាប់។
គណៈកម្មការថ្នាក់ជាតិ និងអន្តរក្រសួងត្រូវបានបង្កើតឡើង ដើម្បីត្រៀមធ្វើប្រតិបត្តិការឆ្លើយតប ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ឱ្យបានទាន់ពេលវេលា។
វីដេអូអប់រំ និងបទចម្រៀងស្តីពីការអនុវត្តន៍វិធានការអនាម័យត្រូវបានផលិតចេញជាហូរហែ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ឧឃោសនស័ព្ទត្រូវបានចាតឱ្យចាក់បំពងតាមភូមិ ដើម្បីបញ្ជ្រៀបការយល់ដឹងពីការបង្ការជំងឺកូវីដ១៩។
ក្រុមការងារថ្នាក់ចុះចែកបណ្ណផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ បន្ថែមពីលើនោះប្រមុខរាជរដ្ឋាភិបាល បានចេញមកអំពាវនាវស្ទើររៀងរាល់ថ្ងៃតាមបណ្តាញសង្គម ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាព និងប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។
មកដល់ពេលនេះ ទោះបីវិធានការបិទប្រទេសត្រូវបានបន្ធូរបន្ថយ តែវិធានការអនាម័យ និងវិធានការបង្ការជំងឺកូវីដ១៩នៅតែបន្តពង្រឹងដដែល។
-តើអ្វីដែលបានរៀបរាប់នេះ មិនមែនជាចំណាត់ការរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ១៩ទេឬយ៉ាងណា?
– តើមិនមែនវិធានការទាំងនេះទេឬអី ដែលនាំឱ្យកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩តិចតួចនោះ? អត្ថបទ ឯ.ឧ. ជា ចន្ទបរិបូណ៌