កាកបាទក្រហមខេត្តសៀមរាបនាំយកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ ៤០គ្រួសារ នៅស្រុកវ៉ារិន
ខេត្តសៀមរាប៖ លោក ឃុត វុត្យារិទ្ធិ ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជា ពលរដ្ឋងាយរងគ្រោះមានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រចំនួន ៤០គ្រួសារ នៅស្រុកវ៉ារិន។ ពិធីចែក និង ទទួលអំណោយនេះបានប្រព្រឹត្ដទៅក្នុងបរិវេណវត្តប្រាសាទច័ន្ទគិរី កាលពីថ្ងៃសុក្រ ៥រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលគេបានផ្ដល់ជូននាពេលនោះពោលគឺ ក្នុង ១គ្រួសារទទួល បានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី៣ដប អាវយឺត២ និង ថវិកា ៤ម៉ឺនរៀល។
បន្ទាប់លោក ឃុត វុត្យារិទ្ធិ បានដឹកនាំគណៈប្រតិភូមនុស្សធម៌ទៅជួបសួរសុខ ទុក្ខ លោកតា ឌីត ឡែមអតីតជាហ្មដំរីនៅសម័យសង្គមរាស្រ្តនិយម ដែលបច្ចុប្បន្នក្លាយជាចាស់ជរា អាយុ៨៤ឆ្នាំ រស់នៅភូមិរលំរុនថ្មីឃុំស្រែណូយ ស្រុកវ៉ារិន ដោយនាំយកអំណោយជូនគាត់ មានអង្ករ ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ អាវយឺត២ និង ថវិកា ៥ម៉ឺនរៀល។
លោក ឃុត វុទ្យារិទ្ធិ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាខេត្តសៀមរាប ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ទន្ទឹមនេះ ក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភណ៍ និងប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ–១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូន ប្រជាពលរដ្ឋ ងាយ រងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ–១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។ លោកបានបន្ដថាអំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបាន មួយ រយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ ត្រូវរួសរាន់ត្រៀមលក្ខណៈ បង្ក បង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារខ្លួនឯង និងត្រូវចេះប្រុងប្រយ័ត្នចំពោះសុខភាព ក៏ដូចជាការរកទីសុវត្ថិភាពដើម្បីការពារខ្លួនពីផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ។
លោក ឃុត វុទ្យារិទ្ធិ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែស អំពីជំងឺកូវីដ–១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិត សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ–១៩។
ជាមួយគ្នានេះ ត្រូវដុស លាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស់ នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្ស ច្រើនឬទីប្រជុំជននានាជាដើម៕