អង្គការទស្សនៈពិភពលោកចូលរួមឧបត្ថម្ភគ្រួសារក្រីក្រនៅកម្ពុជាកំឡុងពេលជួបវិបត្តិកូវីដ-១៩
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅកម្ពុជាយ៉ាងហោចណាស់ជិត១លាននាក់ បានទទួលការទំនុកបម្រុងពីអង្គការទស្សនៈពិភពលោក ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រ កំឡុងពេលជួបវិបត្តិកូវីដ-១៩។
លោក ដានីញែល សេលវ៉ាណាយ៉ាហ្កាម(Daniel Selvanayagam) នាយកជាតិនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ មានក្រុមគ្រួសារងាយរងគ្រោះ ដោយសារកូវីដ-១៩ នៅក្នុងឃុំជាង៥៥០ ទូទាំង១០ ខេត្ត និងរាជធានីភ្នំពេញ ត្រូវបានជួយឧបត្ថម្ភ។
លោកបានបញ្ជាក់ថា អង្គការទស្សនៈពិភពលោកបានធ្វើការជាមួយដៃគូសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ប្រជាជនជាង៨៨ម៉ឺននាក់ ក្នុងនោះមានកុមារ៥៥ម៉ឺននាក់ តាមរយៈការផ្ដល់ជូនអង្ករជាង១៣៥តោន និងស្បៀងអាហារដទៃទៀត។ ជាមួយគ្នានេះ ក៏បានជួយគាំទ្រមណ្ឌលសុខភាពចំនួន៧៤ និងគ្រួសារងាយរងគ្រោះនូវសម្ភារការពារផ្ទាល់ខ្លួន និងសម្ភារអនាម័យរួមមានដូចជា អាល់កុល ប្រម៉ាស ស្រោមដៃ និងសៀវភៅអាន និងសម្ភារសិក្សាសម្រាប់កុមារផងដែរ។
របាយការណ៍វាយតម្លៃដំបូងស្ដីពីផលរងប៉ះពាល់ជំងឺកូវីដ-១៩ ដែលចេញផ្សាយដោយអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដានេះ បានបង្ហាញថា ប្រជាជនកម្ពុជា៤៣ភាគរយ បានកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ ខណៈ៧២ភាគរយ ត្រូវបានរាយការណ៍ថា បានបាត់បង់ ឬថយចុះនូវប្រាក់ចំណូលកំឡុងពេលជួបវិបត្តិកូវីដ-១៩។
លោក ដានីញែល មានប្រសាសន៍ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានគ្រប់វិស័យ ក្នុងនោះលើផ្នែកសុខុមាលភាពប្រជាជន និងកុមារ រួមមានការទទួលបានអាហារ និងអាហារូបត្ថម្ភ ការទទួលបានការថែទាំសុខភាពនិងថ្នាំសង្កូវ ការទទួលបានការគាំពារខាងអនាម័យ និងសម្ភារអនាម័យ ជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកា២៥លានដុល្លារអាមេរិក ក្នុងមួយខែ ដើម្បីបើកសាច់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះ គ្រួសារពលរដ្ឋស្ថិតក្នុងបណ្ណក្រ១ ទទួលបានប្រាក់ចំនួន១២ម៉ឺនរៀល បូកបន្ថែម៤ម៉ឺនរៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍៕ by AKP