Detail Top Banner

មេការ និងស្ត្រីម្ចាស់​សិប្បកម្ម​ផលិត​កាហ្វេ​លាយ​សារធាតុ​គីមី តុលាកាសម្រេចចោទប្រកាន់

 

ខេត្តកណ្ដាល៖ សូម​រម្លឹក​ថា អ្នក​ញៀន​កាហ្វេ គួរតែ​ដឹង​រឿង​មួយ​នេះ​! សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ ដែល​អន់​គុណភាព ទីតាំង​សិប្បកម្ម លីង​កាហ្វេ យីហោ​«​ថុ​ន ណាត​» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកា​សន្និដ្ឋានបញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ ក្រោយ​ពី​បាន​ពិនិត្យ​សំណុំរឿង ករណី​ក្លែង​ផលិតផល​ទំនិញ ​លីង​កាហ្វេ និង​សណ្តែក ផ្សំ​សារធាតុ​គីមី​ ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះចុះ​បង្ក្រាប​ កាលពី​ថ្ងៃ​ទី​០២ កក្កដា ២០២០ កន្លង​មកនេះ ។

 

ជនជាប់ចោទ ដែល​តំណាង​អយ្យការ ធ្វើការ​ចោទប្រកាន់ រួម​មាន ៖ ទី​១ ឈ្មោះ ថុ​ន ណាត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរម្ចាស់​សិប្បកម្ម​លីង​កាហ្វេ និង​សណ្តែក (​ស្ថិត​នៅ​ក្រៅ​ឃុំ​) និង​ទី​២ ឈ្មោះ លួត លាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​ក​ណ្កា​ល មុខរបរអ្នក​លីង​កាហ្វេ និង​ជា​មេកា (​ស្ថិត​នៅ​ក្រៅ​ឃុំ​) ។

ជនជាប់ចោទ​ឈ្មោះ ថុ​ន ណាត និង​ឈ្មោះ លួត លាង បាន​ធ្វើ​សកម្មភាព​លីង​កាហ្វេ និង​សណ្តែក លាយ​ផ្សំ​ដោយសារ​ធាតុគីមី​ខុសច្បាប់ រួច​ហើយ យក​ទៅ​លក់​ទីផ្សារ​កម្ពុជា ដែល​បង្ក​គ្រោះថ្នាក់ និង​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព នៅ​ក្នុង​សិប្បកម្ម​ខ្លួន ដោយ​គ្រាប់​កាហ្វេ និង​សណ្តែក គឺ​ជនជាប់ចោទ ឡើង​ទៅ​ទិញ​ពី​ផ្សារ​អូរ​ឫស្សី ម្តង​១​តោន ក្នុង​១​ខែ រួច​ហើយ​បញ្ចេញ​លក់ ទៅ​លើ​ទីផ្សារ ក្នុង​១​គី​ទ្បូ​ក្រាម តម្លៃ ២០០០០​រៀល ទៅ​៣០០០០​រៀល។ ជនជាប់ចោទ​បាន​ឆ្លើយ​បញ្ជាក់​ថា ខ្លួន​បើក​អាជីវកម្ម​រយៈពេល ២​ឆ្នាំ​មក​ហើយ រូបមន្ត នៃ​ការ​ផលិត គឺ​ខ្លួន​ចេះ​ត​ពី​គេ ហើយ​គ្រាប់​កាហ្វេ ខ្លួន​ទិញ​មកពីផ្សារ​អូរ​ឫស្សី ម្តង​១​តោន ក្នុង​១​ខែ ក្នុង​តម្លៃ​១​គី​ទ្បូ​ក្រាម ១៥០០០​រៀល ក្នុង​មួយ​ថ្ងៃ ខ្លួន​ផលិត​កាហ្វេ បាន​៥​ទ្ប ក្នុង​១​ទ្ប មាន​ទម្ងន់ ១២០​គី​ទ្បូ​ក្រាម ដោយ​បាន​លាយ​ជាមួយ ស្រាស អំបិល សណ្តែក (​ទឹក​ស្ករ កា​រ៉ា​មែ​ល CARAMEL) ប៊ី​ចេ​ង ទឹកត្រី ស្ករអំពៅ ទឹកដោះគោ និង​ប៊ឺ ហើយ​ពេល​លក់​ចេញ​ទៅ​ទីផ្សារ ក្នុង​១​គី​ទ្បូ​ក្រាម តម្លៃ ២០០០០​រៀល ទៅ​៣០០០០​រៀល ក្នុង​១ ថ្ងៃ​លក់​បាន​ចាប់ពី​៥០​គី​ទ្បូ​ក្រាម ទៅ​៧០​គី​ទ្បូ​ក្រាម ហើយ​ជនជាប់ចោទ ក៏​បាន​ធ្វើ​លិខិត​ទទួលស្គាល់​កំហុស​ដែរ​ថា ការ​ផលិត កែ​ច្នៃ​កាហ្វេ​វិច​ខ្ជ​ប់ និង​ចែកចាយ​លក់​ទីផ្សារ គឺ​ខ្លួន​ពុំ​មានច្បាប់​អនុញ្ញាត​ទេ បន្ទាប់​មក អយ្យា​ការ​អម​សាលាដំបូង​ខេត្តកណ្តាល ពិនិត្យ​លើ​អង្គហេតុ អង្គច្បាប់​ភស្តុ​តាង និង​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​ទាំង​២ អយ្យា​ការ​អម​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​សន្និដ្ឋាន បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ លេខ​៣៩៨ ដករ​ជ​ផ ចុះ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ៖

សម្រេច​ទី​១ ៖ ចោទប្រកាន់​ជនជាប់ចោទ​ឈ្មោះ ថុ​ន ណាត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ លូត លាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ពី​បទក្លែង​ផលិតផល​ទំនិញ (​លីង​កាហ្វេ និង​សណ្តែក​ផ្សំ​សារធាតុ​គីមី​) កើត​ទ្បើ​ង​នៅ​ចំណុច​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ និង​សណ្តែក យីហោ ថុ​ន​ណាត ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០ តាម​បញ្ញា​ត្តិ មាត្រា​១៧ មាត្រា​៦៣ និង​មាត្រា​៦៥ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា ។

និង​ទី​២ ៖ បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១១៨៣​អក ចុះ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ទៅ​ជំនុំជម្រះ នៅ​តុលាការ​ខេត្តកណ្តាល តាម​នីតិវិធី​នៃ​ច្បាប់ ៕​by KBN

អត្ថបទដែលជាប់ទាក់ទង