ក្រសួងការងារ និងក្រសួងទេសចរណ៍ដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញជំហ៊ានទី២

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិង ក្រសួងទេសចរណ៍ប្រកាសដាក់ឲ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញជំហ៊ានទី២ ឆ្នាំ២០២០-២០២៤ដើម្បីលើកកម្ពស់សមត្ថភាព បង្កើតការងារសមរម្យប្រាក់ចំណូលជូនដល់យុវជន។

ការប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពី តំណាង​​​ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងទីភ្នាក់​ងារស្វី​សសម្រាប់​ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍជំនាញ​ជំហ៊ានទី២ នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនាញ​វិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅមានដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បី​​ផ្តល់នូវការអភិវឌ្ឍជំនាញវិជ្ជាជីវៈពិតប្រាកដយល់យុវជន ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍  តាមរយៈគម្រោងនេះដែរ នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំង​​​ថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍លើការអប់រំបណ្តុះ​​បណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅអេកូទេសចរណ៍ និងចូលរួមបង្កើតធន​​ធាន​​គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ៕ by AKP

អត្ថបទដែលជាប់ទាក់ទង