ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ត្រូវបានសម្តេចសង្ឃទាំងពីរគណៈ តែងតាំងធ្វើជាឧត្តមទីប្រឹក្សា

ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានតែងតាំងជា «ឧត្តមទីប្រឹក្សា» របស់សម្តេចសង្ឃបួនព្រះអង្គ ក្រោមការធ្វើឡើងតាមរយៈអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តី បន្ទាប់ពីមានសំណើរបស់រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។

ការតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ជាឧត្តមទីប្រឹក្សារបស់សម្តេចសង្ឃ គឺបានប្រារព្ធឡើង នៅបញ្ជាការដ្ឋានអង្គរក្សផ្ទាល់តែម្តង ដែលស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈអនុក្រឹត្យ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ដែលមានគោរមងារជាកិត្តិបណ្ឌិតផងនោះ គឺជា ឧត្តមទីប្រឹក្សារបស់សម្តេច ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និង ជាឧត្តមទីប្រឹក្សារបស់សម្តេច បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។

តាមរយៈសម្តេច ឃឹម សន ព្រះប្រធានលេខាធិការនៃគណៈសង្ឃនាយកគណៈមហានិកាយ មានសង្ឃដីកាឲ្យដឹងថា ការយក ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ធ្វើជាឧត្តមទីប្រឹក្សារបស់សម្តេចសង្ឃទាំងបួនព្រះអង្គ គឺដោយសារតែឯកឧត្តម តែងតែជួយឧបត្ថម្ភដល់ព្រះពុទ្ធសាសនា ដូចជា ការកសាងសំណង់ ឬអគារតាមវត្តអារាម និងពុទ្ធិកសិក្សា ជាដើម។

សម្តេច បន្តថា លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនា ហើយកន្លងមក ឯកឧត្តម ក៏ធ្លាប់ផ្តល់យោបល់ដល់ព្រះសង្ឃដែរ ព្រះប្រធានលេខាធិការគណៈសង្ឃនាយក បន្តថា ដ្បិតឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង មិនធ្លាប់បួសជាព្រះសង្ឃ តែលោក ធ្លាប់ស្នាក់នៅក្នុងវត្ត ដើម្បីសិក្សារៀនសូត្រ កាលពីលោកនៅក្មេង ៕

អត្ថបទដែលជាប់ទាក់ទង