ឥស្សរជនជាតិចំនួន ១០រូប ជាសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៣ បានចូលសច្ចាប្រណិធាននៅចំពោះព្រះតេជៈបារមី ដ៏មានឬទ្ធានុភាពសក្តិសិទ្ធ នៃទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រៀបចំពិធីសច្ចាប្រណិធាននៅចំពោះព្រះតេជៈបារមី ដ៏មានឬទ្ធានុភាពសក្តិសិទ្ធ នៃទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ នៅចំពោះព្រះបរមឆាយាល័ក្ខណ៏ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងនៅចំពោះសម្តេចព្រះមហាសង្ឃរាជាធិបតីទាំងពីរគណៈ ជូនដល់ឥស្សរជនជាតិចំនួន ១០រូប ជាសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៣ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅវេលាម៉ោង១៦រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។