កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩ (Video Conference)

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិ ជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩ ដែលរៀបចំឡើងតាមរយៈសន្និសីទវីដេអូ កាលពីថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្តម ត្រាន់ ទ័នអាន់ (Tran Tuan Anh) រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន និងអគ្គលេខាធិការអាស៊ានផងដែរ។

អង្គប្រជុំបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ-១៩នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ជាលទ្ធផល អង្គប្រជុំបានអនុម័តលើ ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ដែលផែនការនេះផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវលើថ្នាំពេទ្យ និងវ៉ាក់សាំង ការរក្សាការបើកចំហទីផ្សារ ក៏ដូចជាការធានានូវលំហូរស្បៀង និងទំនិញក្នុងតំបន់។

ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការសហការគ្នាកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបអង្គប្រជុំផងដែរអំពីវិធានការដ៏មានប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងកូវីដ-១៩ តាមរយៈជំនួយបច្ចេកទេស និងបរិក្ខារពេទ្យជាដើម៕ by AKP

អត្ថបទដែលជាប់ទាក់ទង