ឯកឧត្តម ប្រាក់ សុខុន ឧបយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិកាអន្តរជាតិ ជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមន្ត្រីរាជការ ក្នុងភូមិសាស្ត្រឃុំប្រម៉ោយ

ឯកឧត្តម ប្រាក់ សុខុន ឧបយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិកា អន្តរជាតិ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព និងគណៈប្រតិភូ បានជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមន្ត្រីរាជការ ក្នុងភូមិសាស្ត្រឃុំប្រម៉ោយ ស្រុកវាលវែង ព្រមទាំងជួបសំណេះសំណាលជាមួយប្រតិបត្តិករបោសសម្អាតមីននៃអង្គការ HALO TRUST និងប្រជាពលរដ្ឋ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានសំដែងនូវការកោតសរសើរនិងអរគុណចំពោះលទ្ធផលនៃការបោសសំអាតមីននិងកាកសំណល់ពី​សង្គ្រាមរបស់កងទ័ពយើង ក្នុងក្របខ័ណ្ឌនៃការហ្វឹកហាត់ត្រៀមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកម្លាំង HALO TRUST។
ឯកឧត្តមក៏បានក្រើនរំលឹកពីការបន្តប្រកាន់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ជូនពរសព្វសាធុកា សំរាប់ពេលសំរាកជំនួសការឈប់សំរាកបុណ្យចូលឆ្នាំថ្មីខាងមុខ និងប្រគល់អំណោយនិងថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់កងកម្លាំង និងប្រតិបត្តិករបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងប្រជាពលរដ្ឋដែលបានចូលរួម៕
អត្ថបទដែលជាប់ទាក់ទង