ថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ពលរដ្ឋចំនួន ៣២៦គ្រួសារ រស់នៅភូមិចំនួន១៤ ឃុំចំនួន៤ ក្នុងស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ពលរដ្ឋចំនួន ៣២៦គ្រួសារ រស់នៅភូមិចំនួន១៤ ឃុំចំនួន៤ ស្រុកបរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ។
កម្មវិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំង២កន្លែងគឺ ទីតាំងទី១ ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស សម្រាប់ពលរដ្ឋ ២០១គ្រួសារ និងទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា អញ្ចាញរូង ស្រុកបរិបូរណ៍ សម្រាប់ពលរដ្ឋ ១២៥គ្រួសារ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជា សម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេសគឺ ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកើតមាននៅក្នុងរដូវវស្សានេះ។
លោកជំទាវ បានមានប្រសាសន៍ថា «អ្វីដែលកម្ពុជាយេីងកំពុងប្រឹងប្រែងធ្វេីនេះ គឺទប់ស្កាត់ឱ្យខានតែបានការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ត្រូវបង្កេីនការយល់ដឹងអំពីសារសំខាន់នៃការធ្វេីចត្តាឡីស័កចំពោះអ្នកចំណូលស្រុក ការរក្សាគំលាតសង្គម ការរក្សាអនាម័យ។ល។ ហេីយក្រៅអំពីការទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ននៅក្នុងរដូវវស្សាវនេះ ចំពោះការលេចឡើងនូវ គ្រុនឈាម និងជំងឺគ្រុនឈីក (CHIK) សារជាថ្មីឡើងវិញ ដែលនេះអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែលប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយទៀតជាដើម តាមរយៈមូសខ្លាញី និងសូមសម្អាតជុំវិញផ្ទះ និងសម្អាតទីកន្លែងដែលបង្កឱ្យមានជម្រកមូសខ្លាជាដើម។»
ជាមួយគ្នានេះ សូមស្ត្រីមានផ្ទៃពោះ អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់គ្រូពេទ្យ និងទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។ ចំពោះអ្នកមានកូនតូច សូមផ្តល់អាហារូបត្ថម្ភដល់កុមារឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ ហើយក្រៅពីប្រកបរបរបង្កបង្កើនផល សូមបងប្អូនខិតខំចិញ្ចឹមសត្វ ដាំដំណាំជុំវិញផ្ទះ ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។
លោកជំទាវ អគ្គលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានទឹកចិត្តសប្បុរស និងស្មារតីចែករំលែក បន្តចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ទោះបីជា កាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវា ៨ ឧសភា ឆ្នាំ២០២០ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក៏ដោយ។ ការបរិច្ចាកធនធានពីសប្បុរសជនទាំងអស់ បានផ្តល់លទ្ធភាពដល់កាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេស ជាពិសេសក្នុងកំឡុងពេលកូវីដ-១៩នេះ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងសាប៊ូដុំ ២ដុំ៕
អត្ថបទដែលជាប់ទាក់ទង