អាស៊ុយទ្រី និងអាតោហ៊ា ចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ទៀតហើយ
ភ្នំពេញ៖ ជនជាតិចិន២នាក់ដែលចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ត្រូវកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួនកាលពីវេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សារចិនក្បែរកោះពេជ្រ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យទាំង២នាក់នោះ រួមមាន៖
១.ឈ្មោះ Fang ShiQi ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងផ្សារចិន ផ្លូវលេខ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខEC.0962064។
២.ឈ្មោះ Zhang Song ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរលក់គ្រឿងអេឡិចត្រូនិក ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខ EE 2725212 ។
ចំណែកជនរងគ្រោះឈ្មោះ TANG DEWEN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន មុខរបរអ្នកទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥១កែងផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាន់លិខិតឆ្លងដែនលេខ EJ.1131456។
មុនពេលកើតហេតុ ជនរងគ្រោះបានមកទទួលទានអាហារនៅកន្លែងកើតហេតុខាងលើ ហើយក៏ត្រូវជនសង្ស័យនិងបក្ខពួក៤នាក់ទៀតបានចាប់ជនរងគ្រោះដាក់ចូលក្នុងបន្ទប់មួយ រួចទូរស័ព្ទទៅបងប្រុសរបស់ជនរងគ្រោះជំរិតទារប្រាក់៥ម៉ឺនដុល្លារ ។
ពេលនោះបងប្រុសរបស់ជនរងគ្រោះបានវេរលុយចំនួន ១៤ ០០០យ័ន(លុយចិន)ទៅឱ្យក្រុមជនសង្ស័យ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ ។ រហូតដល់វេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញសហការជាមួយនគរបាលខណ្ឌចំការមន ធ្វើការឃាត់បានជនសង្ស័យ២នាក់ខាងលើ និងរំដោះបានជនរងគ្រោះមកវិញ ។
ចំណែកបក្ខពួកជនសង្យ័យ២នាក់ផ្សេងទៀតបានគេចខ្លួនបាត់អស់ ជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕