យុវជន៤នាក់តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូគ្មានស្លាកលេខ និងមួយគ្រឿងទៀត ស្លាកលេខក្លែងក្លាយ ប្រដេញយុវជន២នាក់ ពីក្នុងកោះពេជ្រ
ភ្នំពេញ៖ យុវជន៤នាក់តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងគ្មានស្លាកលេខ និងមួយគ្រឿងទៀត ស្លាកលេខក្លែងក្លាយ គ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាព គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុទាក់ទងជាប់និងចង្កេះ បានធ្វើការប្រដេញយុវជន២នាក់ ពីក្នុងកោះពេជ្រ ដោយមិនមានបទល្មើសចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញសង្កាត់ទន្លេបាសាក់ ត្រូវកម្លាំងល្បាត ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាល ធ្វើការសាកសួរនាំ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែលបានកើតឡើងកាលពីវេលា១០និង៥០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំនុចមុខភោជនីយដ្ឋាន D O S ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជនទាំងបួននាក់ដែលអះអាងថា ខ្លួនជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញ នោះរួមមាន៖
១.ឈ្មោះ លឹម ជីវ័ន្ត ហៅខួច អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
២.ឈ្មោះ ហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់ផ្ទះលេខ១០D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
៣.ឈ្មោះ កែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤ ។
៤.ឈ្មោះ. ទី វិរ: អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅ ផ្ទះលេខ១០៨ ផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីយុវជន២នាក់ដែលអះអាងថា ខ្លួនជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺរូបគាត់និងមិត្តភ័ក្តិបាននាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ លុះដល់ម៉ោងកើតហេតុក៏នាំគ្នា ជិះម៉ូតូត្រលប់ទៅផ្ទះនៅតាខ្មៅវិញ ខណៈពេលជិះចេញពីកោះពេជ្រ មកដល់ផ្លូវសបិត ទិសដៅពីជើងទៅត្បូង មកដល់ចំនុចកើតហេតុក៏លេចមុខយុវជន៤ខាងលើ ជិះម៉ូតូ២គ្រឿង មកកៀងម៉ូតូពួកខ្លួនឲ្យអែបកៀន ហើយពួកគេប្រាប់ថា ខ្លួនជាអាវុធខណ្ឌដូនពេញ ដោយចោទប្រកាន់យុវជនទាំងពីរនាក់ថា ជាជនសង្ស័យ តែមិនដឹងសង្ស័យពីករណីអ្វី។ ដោយឃើញយុវជនទាំងបួននាក់គ្មានឯកសណ្ឋាន និង កាតសម្គាល់ខ្លួន ទើបពួកគាត់ប្រកែកមិនព្រមសហការ ក៏បង្កជាការភ្ញាក់ផ្អើលលឺដល់ កម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ធបាលសង្កាត់ទន្លេបាសាក់ ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរ។
បន្ទាប់ពីសួរនាំនៅប៉ុស្តិ៍នគរបាល រួចរាល់ទើបដឹងថា ជារឿងយល់ច្រឡំគ្នា ហើយក៏មានវត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួន ដោយមានការយោគយល់ និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងឲ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានាខ្លួនយុវជនទាំងបួននាក់ត្រលប់ទៅវិញ៕