អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បាននាំមកចែកជូនដល់ដៃប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ
ខេត្តព្រៃវែង៖ ថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងសហការី បានអញ្ជើញនាំយកនូវអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ។
ដោយសារជម្ងឺកូវីដ១៩ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តព្រៃវែង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះ រាជរដ្ឋាភិបាលតាមរយៈឯកឧត្តម ខាន់ ម៉ាណេរ ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ព្រមទាំងសហការី ផ្តល់អំណោយរបស់សម្តេចក្រទ្បាហោម និងលោកជំទាវ ដើម្បីជួយដល់គ្រួសារងាយរងគ្រោះ សម្រាប់ជួយដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ៣០០គ្រួសារនាពេលនេះ មានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ និងថវិកា៥មុឺនរៀល។ ឆ្លៀតក្នុងឪកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់អាជ្ញាធរនៅមូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩ យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមអភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមនិង សហការី ដែលបានចូលរួមផ្តល់ជាអំណោយដ៍មានសារៈសំខាន់ចាំបាច់ក្នុងគ្រាដ៍លំបាកនេះ និងជាថ្មីម្តងទៀត ឯកឧត្តមសូមជូនពរឯកឧត្តមប្រធានក្រុម ព្រមទាំងសហការី ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជម្ងឺដ៍កាចសាហាវមួយនេះ៕