ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកជំទាវ ឪ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកជំទាវ ឪ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន តំណាងកងកម្លាំងទាំង៣ ប្រភេទ ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀងជាច្រើនរូបទៀត។
មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអំណរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេលដ៏មមាញឹកចុះបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។
ឯកឧត្តមបន្តថា សព្វថ្ងៃដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបានដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងទើបប្រទេសកម្ពុជា យើងមិនទទួលរងឥទ្ធិពលខ្លាំងដោយសាជំងឺកូវីដ១៩នេះ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ។
លោកជំទាវរដ្ឋលេខាធិការបានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្តបន្ទាប់នាពេលកន្លងមក ក្នុងនោះក្នុងនាមក្រសួងសុខាភិបាលក៏សូមអបអរសាទរប្រជាជាពលរដ្ឋខេត្តស្វាយរៀងគិតមកត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីវិជ្ជមានទៅលើប្រជាពលរដ្ឋណាមួយឡើយ។
លោកជំទាវបន្តថា ក្នុងនាមក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតែបន្តចាត់វិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលាទៅដូចជា ការធ្វើចត្តាឡីស័កអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត និងវិធានការចាំបាច់មួយចំនួនទៀត ជាពិសេសបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ភ្ញៀវ ទេសចរណ៍ ឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹង សាប៊ូ អាល់កុល ពាក់ម៉ាស់ ការរក្សាគំលាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មីនៃបរិបទសង្គមបច្ចុប្បន្ននេះ៕