Detail Top Banner

ស្លាប់៥នាក់ និង៥នាក់ផ្សេងទៀតរបួសធ្ងន់ ក្នុងហេតុការណ៍បាក់ដងសន្ទូចសង្កត់ នាក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់បានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាក់ដងសន្ទូច សង្កត់ប្រជាពលរដ្ឋ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។
សមត្ថកិច្ចបានប្រាប់នៅរសៀលដដែលនោះថា៖ នៅវេលាម៉ោងកើតហេតុខាងលើដងស្ទូចដុំបន្ទះបេតុង ប្រវែងប្រមាណ៤០ម៉ែត្រ កំពុងប្រតិបត្តិការស្ទូចបន្ទះដុំបេតុងទំហំប្រមាណ៤ម៉ែត្រ ៤ជ្រុង កម្រាស់ ១តឹក​២ហ៊ុន ដើម្បីដាក់លើអគារកម្ពស់ប្រមាណ២០ម៉ែត្រ របស់ក្រុមហ៊ុន ដឹផាកស៊ីធី មានទីតាំងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ស្រាប់តែម៉ាស៉ីនស្ទូចបានផ្អៀង ហើយរលំបន្ទះដុំបេតុងដែលកំពុងតែស្ទូច បណ្តាលឲ្យសង្កត់លើប្រជាពលរដ្ឋ ដែលកំពុងអង្គុយនៅខាងមុខផ្ទះក្បែរការដ្ឋានខាងលើ បណ្តាលឲ្យស្លាប់មនុស្សស្រីចំនួន ៥នាក់ និងរបួសធ្ងន់ចំនួន ៥នាក់។
ជនរងគ្រោះដែលបាត់បង់ជីវិតទាំង ៥នាក់ ក្នុងហេតុការណ៍នេះមានឈ្មោះទី១៖ ឈាន ហុង ភេទស្រី ទី២៖ ឈ្មោះ យាយ ឡឹក ភេទស្រី ទី៣៖ សេង មុយគា ភេទស្រី ទី៤៖ ឈ្មោះ ចៅ លី ភេទស្រី និងទី៥៖ ឈ្មោះ ជឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំ។
ចំណែកជនរងគ្រោះទាំង៥នាក់រួមមានទី១៖ ឈ្មោះ សៅ រិទ្ធិ ភេទស្រី អាយុ៤១ឆ្នាំ របួសជើង ទី២៖ ផល សុលីដា ៣០ឆ្នាំ បាក់ជើង ទី៣៖ ឈ្មោះ ខាន់ ស្រីឌី ភេទស្រី និងទី៤៖ កា សុម៉ាមាន ភេទស្រី អាយុ៣៧ឆ្នាំ របួសជើង។
ភ្លាមៗនោះ ក្រោយពីទទួលបានព័ត៌មាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានចូលរួមសោកស្តាយ ចំពោះហេតុការណ៍ដែលកើតមានឡើង បណ្តាលឱ្យមាន​ជន​រងគ្រោះស្លាប់ និងរងរបួស លោកអភិបាលខេត្តក៏បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំង ក្នុងការជួយ​សង្គ្រោះជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់នោះ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ សពជនរងគ្រោះស្ត្រីទាំង ៥នាក់ ត្រូវបានកម្លាំងចម្រុះនិងក្រុមការងារបញ្ជូនទៅតម្កល់បណ្តោះអាសន្ននៅវត្តម៉ុងចិន ក្នុងភូមិគីឡូម៉ែត្រលេខ៤ ហើយបន្ទាប់មករថយន្តពេទ្យនៃនគរបាល មន្ទីរសុខាភិបាល និងគ្លីនិកឯកជនដឹកទៅប្រគល់ដល់គ្រួសារសពដើម្បីធ្វើបុណ្យតាមផ្ទះ ជនរងគ្រោះរបួសត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។
លោក អាង ណារឹទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តបន្ទាយមានជ័យបានប្រាប់នៅល្ងាចថ្ងៃទី១២ ខែសីហា ថា៖ ករណីនេះមិនមែនជាកំហុសបច្ចេកទេសសំណង់ទេ តែជាឧបទ្ទហេតុដួលរលំម៉ាសុីនដងសន្ទូចចល័ត(Mobile Crane) ពេលស្ទូចផែនបេតុងឡើងដាក់លើអគារសំណង់ ត្បិតដីនៅជាប់កង់ច្រវ៉ាក់នៃម៉ាសុីនបានស្រុតចុះ ហើយវារេគ្រវាត់បាក់រលំ ពេលនោះដែរផែនថ្មក៏ធ្លាក់ចុះមកលើផ្ទះប្រក់សង្ក័សីមួយកន្លែងនៅក្រៅការដ្ឋានសំណង់បណ្តាល​ឲ្យសង្កត់ស្លាប់ និងរបួសមនុស្សដូចខាងលើ។
ហេតុនេះ ចំពោះការដ្ឋានសំណង់ត្រូវបិទបណ្តោះអាសន្ន ចំណែកលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមនៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យប្រាប់ដែរថា៖ ក្រោយឧបទ្ទហេតុនេះ លោកបញ្ជាឲ្យស៊េីបអង្កេតលំអិតសិនពីមូលហេតុនៃការបាក់រលំដងសន្ទូច ដែលមិនមែនជាបច្ចេកទេសសំណង់នៃការដ្ឋានសំណង់ ពោលគឺដើម្បីឲ្យច្បាស់លាស់មុននឹងបិទការដ្ឋានសំណង់នេះ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលដឹកនាំកម្លាំងសរុបនៃគណៈបញ្ជាការរដ្ឋបាលខេត្តគ្រប់គ្រង ដោះស្រាយក្រោយឩបទ្ទហេតុនេះបានប្រាប់នាល្ងាចថ្ងៃដដែលថា ៖ ចំពោះមុខគឺត្រូវសង្គ្រោះបន្ទាន់ជនរងគ្រោះរបួសនិងការបញ្ជូនសពជនរងក្រោះទៅឲ្យគ្រួសារសពដើម្បីធ្វើបុណ្យនៅឯឈាបនកិច្ច ។
ក្នុងនោះអាជ្ញាធរ សមត្ថកិច្ចនគរបាល អាវុធហត្ថ ព្រះរាជអាជ្ញាបានឩបត្ថម្ភបុណ្យសពចំនួន ១,៤លាន​រៀល និងខាងក្រុមហ៊ុន The Park City ជួយ៣០០ដុល្លារក្នុង១សព និងមានជំនួយជាអង្ករ និងទេយ្យទាន​មួយចំនួន។
លោកអភិបាលខេត្តបានបន្ថែមថា ចំពោះមុខ ខេត្តឲ្យលោក កែវ តារារស្មី អភិបាលស្តីទីនៃរដ្ឋបាលក្រុង ចេញលិខិតបិទការដ្ឋានសំណង់នេះបណ្តោះអាសន្ន រីឯលោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការកងរាជអវុធហត្ថក្រុងប៉ោយប៉ែតឲ្យដឹងថា៖ ឈ្មោះ ពុត លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកកាន់ម៉ាសុីនស្ទូចចល័ត ត្រូវឃាត់ខ្លួនដោយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសាកសួរ និងស៊េីបអង្កេតដោយកម្លាំងលោកនិងព្រះរាជអាជ្ញា៕
អត្ថបទដែលជាប់ទាក់ទង