ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសើរចំពោះ ជនបរទេស១គ្រួសារ ដែលថតរួមគ្នាដោយស្លៀកសម្លៀកបំពាក់ ប្រពៃណីខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា​រដ្ឋលេខាធិការក្រសួងព័ត៌មាន បានកោតសរសើរជនបរទេស ១គ្រួសារ ដែលថតរួមគ្នា​ដោយស្លៀក​សម្លៀកបំពាក់ប្រពៃណីខ្មែរ។

តាមរយៈ Facebook នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ជុំ កុសល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាសូមអរគុណណាស់ចំពោះលោកនិងភរិយា ដែលជាជន​ជាតិ​បរទេស តែបែរជាមានចិត្តស្រលាញ់ប្រទេសខ្ញុំ វប្បធម៌ខ្ញុំ ទំនៀមទម្លាប់ប្រពៃណីខ្ញុំ និងបានជួយលើកស្ទួយ​ថែមទៀត»

ឯកឧត្តម បានបន្តថា «ប្រសិនបើពលរដ្ឋដើមកំណើតរបស់ខ្ញុំគ្រប់គ្នាមាន​ទឹកចិត្តដូច​គ្រួសាររបស់​លោកបែបនេះ ជាតិខ្ញុំប្រាកដជាខ្ពង់ខ្ពស់ជាងនេះឆ្ងាយណាស់»។ តាមរយ:សម្លៀកបំពាក់ប្រពៃណីខ្មែរ​ដ៏ល្អ​ផូរផង់មួយនេះ លោកសង្ឃឹមថា ក្រោយពីប្រជាពលរដ្ឋខ្មែរ​បានឃើញ​ហើយ ប្រាកដជាធ្វើឲ្យគាត់បង្កើន​ការ​ស្រលាញ់វប្បធម៌ ទំនៀមទម្លាប់ជាតិឯងទ្វេដងឡើង។

ឯកឧត្តម ជុំ កុសល ថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យយកគម្រូតាមជនបរទេស ១គ្រួសារនេះ ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង