សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល អនុញ្ញាតឱ្យកម្លាំងមួកខៀវ ៧១នាក់ វិលត្រឡប់ទៅផ្ទះវិញ ក្រោយទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩

អំឡុងពេលកម្លាំងមួកខៀវកម្ពុជា ធ្វើចត្តាឡីស័ក សម្តេចតេជោ តែងតែយកចិត្តទុកដាក់ តាមដានជាប្រចាំពីស្ថានភាពកម្លាំងមួកខៀវ បានផ្តល់អាហារគ្រប់គ្រាន់ លើកទឹកចិត្ត និងបានណែនាំផ្តាំផ្ញើរឲ្យក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ក៏ដូចជាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មើលថែទាំ កម្លាំងមួកខៀវកំពុងធ្វើចត្តាឡីស័ក ចំពោះសុខភាពរបស់ពួកគាត់។
ដោយឡែក ទាហានមួកខៀវនារី ដែលឆ្លងមេរោគ COVID-19 ក្រោយគេបង្អស់ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ ឯក្រុមគ្រួសារគាត់ចំនួន ៩នាក់ ត្រូវបានពិនិត្យឃើញថា អវិជ្ជមានទាំងអស់គ្នា ហើយត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញទាំងអស់គ្នានាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ និងទាហានមួកខៀវ ៨នាក់ផ្សេងទៀត លទ្ធផលវិជ្ជមានកូវីដ១៩ ក៏បានព្យាបាលជាសះស្បើយ១០០% និងបានវិលត្រឡប់ទៅវិញផងដែរ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ សូមកុំមានការព្រួយបារម្ភអ្វីនោះឡើយ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ និងពិនិត្យពិច័យខ្លាំងណាស់លើបញ្ហកូវិដ១៩នេះ។ សូមបញ្ជាក់ឱ្យដឹងដែរថា កម្លាំងទ័ពមួកខៀវទាំង ៧១នាក់ បានធ្វើចត្តាឡីស័ក បន្ទាប់ពីវិលត្រឡប់មកដល់កម្ពុជាភ្លាមរហូតដល់ជាង ៦សប្តាហ៍ និងបានធ្វើការពិនិត្យសំណាកជាច្រើន រហូតដល់៧ដង ទទួលបានផលទ្ធផលអវិជ្ជមានរហូត ទើបសម្តេចតេជោ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវិដ១៩ បានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ហើយត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគេចំនួន ១៤ថ្ងៃបន្តទៀត មុនជួបជុំគ្រួសារ។
ទ័ពមួកខៀវកម្ពុជា ៨០នាក់ បានមាតុភូមិន្ទនិវត្តន៍ពីបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ ត្រូវបានធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន២២ថ្ងៃ ហើយបានបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ៕