សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលកងកម្លាំងត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលជាមួយកងអនុសេនាធំកងរាជអាវុធហត្ថលេខ ១៨៦ ដែលត្រៀមចេញទៅបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជា ជាតិ (UN) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ និងមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ៦៧៨នាក់ ក្នុងនោះនារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន ៖ ប្រទេសម៉ាលី ប្រទេសស៊ូដង់ខាងត្បូង ប្រទេសអាហ្វ្រិកកណ្ដាល និងប្រទេសលីបង់ជាដើម ខណៈស្ថានភាពវិបត្តិជំងឺកូវិដ-១៩ នៅតាមបណ្តាប្រទេសទាំង៤ នោះកំពុងតែរីករាលដាលផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងដែលត្រៀមចេញទៅបំពេញបេសកកម្មត្រូវមានការប្រុងប្រយ័ត្ន និងត្រូវចេះកាពារខ្លួនពីការឆ្លងកូវីដ-១៩ ដោយត្រូវធ្វើអនាម័យ ជាមួយសាប៊ូ អាកុល ឬជែល ឲ្យបានញឹកញាប់ និងត្រូវចេះសាមគ្គីសហការគ្នាក្នុងការបំពេញការងារឱ្យបានល្អប្រសើរដើម្បីជាប្រយោជន៍សម្រាប់ ប្រទេសជាតិ ៕