ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រី បានអញ្ជេីញជួបសំណេះសំណាល ជាមួយគ្រួសារងាយរងគ្រោះដោយ Covid-19 ចំនួន ៥០០គ្រួសារ
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជេីញជួបសំណេះសំណាល ជាមួយគ្រួសារងាយរងគ្រោះដោយ Covid-19 ចំនួន ៥០០គ្រួសារ ក្នុងខេត្តឧត្ដរមានជ័យ។
នៅក្នុងពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យទាំងមូល ដែលសម្តេចទាំងពីរ តែងមានការនឹករលឹកនឹងគិតគូរពីសុខទុក្ខរបស់បងប្អូន តាមរយៈ ឯកឧត្តម គន់ គីម ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ ចុះជួបផ្ទាល់នឹងជួយដោះស្រាយរាល់ការលំបាកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ។
ជាក់ស្តែងថ្ងៃនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកអំណោយ របស់ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល-អាហារ) រួមមាន ម្សៅសាប៊ូបោកខោអាវ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ថ្នាំនិងច្រាសដុសធ្មេញ កូនកន្សែងនិងសំភារៈជាច្រើនទៀត ក្នុងនោះដែរឯកឧត្តមក៏បានបន្ថែមនូវអង្ករក្នុង១គ្រួសារ២៥គីឡូក្រាម មកចែកជូនបងប្អូនដែលងាយរងគ្រោះដោយ ជំងឺ Covid-19 ចំនួន ៥០០គ្រួសារ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ក៍បានផ្តាំផ្ញេីអោយប្រជាពលរដ្ឋយេីងត្រូវអនុវត្តន៍អោយបានតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការបង្កាជំងឺ Covid-19 ដេីម្បីខ្លួនយេីង គ្រួសារយេីង និងសហគមន៍យេីងទាំងអស់គ្នា។
ជាមួយគ្នានេះឯកឧត្តម ក៏បានអំពាវនាវអោយ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នាទប់ស្កាត់ការប្រេីប្រាស់និងចរាចរគ្រឿងញៀន ដេីម្បីអនាគតកូនចៅយេីង ស្ថិតក្នុងតំណាក់កាល រងផលប៉ះពាល់ពី Covid -19 សូមបងប្អូនយេីងត្រូវខិតខំ បង្កបង្កេីនផល ប្រកបរបររកចំណូលបំពេញការខ្វះខាត៕