សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន តាមទូរស័ព្ទ
នៅក្នុងជំនួបការងារតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម មូហាម៉ាត់ សាឌីក សាន់ច្រានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានប្តេជ្ញារួមគ្នាបន្តខិតខំពង្រឹងពង្រីកទំនាក់ទំនងការទូតសភា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័នសភាប្រទេសទំាងពីរនាពេលកន្លង ទាំងការងារទ្វេភាគី ពហុភាគី និងអន្តរជាតិ ឱ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តម មូហាម៉ាត់ សាឌីក សាន់ច្រានី បានស្នើសុំរដ្ឋសភាកម្ពុជា គាំទ្របេក្ខភាពសភាប៉ាគីស្ថាន ជាប្រធានអាយភីយូ (IPU) ក្នុងអាណត្តិ ២០២០-២០២៣។ ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវការគាំទ្រ និងបានបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកនាពេលកន្លងមក ក៏ដូចជាគាំទ្រសភាប៉ាគីស្ថាន ជាសមាជិកសង្កេតការណ៍របស់អន្តរសភាអាស៊ាន អាយប៉ា (AIPA) ដែលរដ្ឋសភានៃប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះដើមខែកញ្ញា ខាងមុខនេះ ផងដែរ។
ឯកឧត្តម មូហាម៉ាត់ សាឌីក សាន់ច្រានី បានកោតសរសើរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានចែករំលែកបទពិសោធន៍ច្រើនក្នុងភាពជាអ្នកដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលឿន និងជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសភាទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិត រវាងរដ្ឋសភាប្រទេសទំាងពីរ កម្ពុជា-ប៉ាគីស្ថាន ៕